ព័ត៌មានទាន់ហេតុការណ៍៖

ពិធីរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅវត្តរាជបូណ៌ ក្រុងសៀមរាប មានរៀបចំរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ដើម្បីឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ក្រោមវត្តមានចូលរួម លោកស្រី កុយ សាលីណា ខេង សុមេធ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងវត្តមាន លោកស្រី ទៀង អេង ទៀ សីហា និង លោក លី សារី អភិបាលរងខេត្តសៀមរាប រួមនឹងឯកឧត្តម លោកស្រី មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សជាច្រើនអង្គនាក់។

បើតាមប្រជាពលរដ្ឋ ពួកគាត់បានបង្ហាញថា ពួកគាត់បានចូលរួមក្នុងពិធីនេះជារៀងរាល់ឆ្នាំ ព្រោះពួកគាត់គិតថា សម្រាប់ស្នាមព្រះហស្តដែលព្រះអង្គបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយគឺមានច្រើន ដែលមិនអាចកាត់ថ្លៃបាន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសគឺផ្នែកអប់រំតែម្ដង។ ថ្វីដ្បិតសម្តេចព្រះសង្ឃរាជ បាត់បង់ក៏ពិតមែន តែព្រះកិត្តិនាម និងស្នាដៃរបស់ព្រះអង្គ គឺស្ថិតនៅដក់ជាប់ជានិច្ច ក្នុងបេះដូងកូនចៅជាប្រជាពលរដ្ឋកម្ពុជាជារៀងរហូត។

ពួកគាត់ក៏បានបង្ហាញនូវក្ដីរំភើប នៅពេលឃើញប្រជាជាតិខ្មែរយើងជាច្រើន ចូលរួមធ្វើបុណ្យរួមគ្នាដោយទឹកមុខរីករាយ ជ្រះថ្លា ដែលវាបង្ហាញថា ប្រជាពលរដ្ឋខ្មែរ គឺជាប្រជាជាតិមួយដែលចេះរួបរួមគ្នាគ្រប់កាលៈទេសៈ ហើយមិនត្រឹមតែពិធីបុណ្យរំឭកព្រះឧបការគុណសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត នាពេលនេះប៉ុណ្ណោះទេ គឺគ្រប់ពិធីបុណ្យនានាទាំងអស់នៅកម្ពុជាយើង គឺតែមានប្រជាពលរដ្ឋយើងជួបជុំគ្នាអ៊ូអរ បង្កើតបាននូវភាពសប្បាយរីករាយ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពផងដែរ។

សូមជម្រាបថា ទិវារំឭកព្រះឧបការគុណសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ ប្រារព្ធទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៥នេះ ដោយកាលពីថ្ងៃម្សិលមិញ មានព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់ ចូលរួមដង្ហែរូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ នៅតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងថែមទៀតផង៕

ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប


ចែករំលែក៖