ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារទាំងអស់ ធ្វើយ៉ាងណាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ខណៈករណីរួមភេទជាមួយអនីតិជននៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យយើងគ្រប់គ្នាបន្តធ្វើការទប់ស្កាត់ និងដោះស្រាយ។
កិច្ចប្រជុំប្រចាំត្រីមាសទី១ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធាន GBV បានបញ្ជាក់ថា កង្វះខាតធនធាន ការយល់ដឹង និងការចូលរួមពីសហគមន៍ ជាបញ្ហាមួយដែលយើងពិបាកក្នុងដោះស្រាយ។ ជាក់ស្ដែងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងខេត្តសៀមរាប សម្រាប់ត្រីមាសទី១នេះ ភាគច្រើនទាក់ទងនឹងបញ្ហាលែងលះ និងការរួមភេទជាមួយអនិតិជន ពិសេសការកើនឡើងនៃករណីរួមភេទរវាងអនិតិជន និងអនិតិជននៅតែជាបញ្ហាដែរគួរឱ្យយើងព្រួយបារម្ភ ហើយជាបញ្ហាដែលកើតឡើងមានជាយូរមកហើយ។
លោកស្រីអភិបាលរងខេត្ត បន្តថា បញ្ហាទាំងនេះកើតឡើងដោយសារសង្គមមានភាពបើកទូលាយពេក និងការរីករាលដាលនៃប្រព័ន្ធផ្សព្វផ្សាយមិនល្អ ហើយឪពុកម្តាយមិនសូវយកចិត្តទុកដាក់ចំពោះកូនៗរបស់ពួកគេ ដែលជាហេតុធ្វើឱ្យពួកគេងាយប្រព្រឹត្តអំពើមិនគប្បី។ ប្រកាសនេះ សូមស្នើដល់ក្រុមការងារ បន្តបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពង្រីកកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។ បន្តយកចិត្តទុកដាក់លើការងារបន្ទប់សេវាចម្រុះ និងបន្ទប់ប្រឹក្សាយោបល់ ដើម្បីផ្តល់សេវាគាំទ្រដល់ស្ត្រី និងកុមារដែលជាជនងាយរងគ្រោះផងដែរ៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប