ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ ប្រកាសថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម ដែលតែងបង្កើតព័ត៌មានក្លែងក្លាយ ដោយបំភ្លៃ និងបំភាន់តាមបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជាមេដឹកនាំ «ចលនាជាតិតស៊ូ» ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៉ី

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃចន្ទទី​២៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះក្រុមប្រឆាំងជ្រុលនិយមនិរទ្ទេសខ្លួននៅបរទេស ដែលតែងតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយដោយបំពាន បំភ្លៃ និងបំភាន់ តាមបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថា «ចលនាជាតិតស៊ូ»ស្ដីគេនោះ។ អ្នកនាំពាក្យ សូមគូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនេះ គឺជាឧបាយកល ទុច្ចរិត អសីលធម៌ គ្មានគុណធម៌ជាមនុស្សជាតិ ក្នុងទិសដៅបំពានបំភ្លៃ បំភាន់មួលបង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បម្រើចេតនាព្រៃផ្សៃ ខ្មៅងងឹតសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូល ភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ។

អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង សូមរំលឹកជូនថា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានបញ្ជាក់ម្តងទៀតក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផ្កាយមាសប្រាំផុតលេខ ថ្មីៗនេះ ថា “គ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាបានទេ ផ្ទុយទៅវិញគ្រប់ការ ប៉ុនប៉ងបំបែកបំបាក់តែងតែរលាយខ្លួនឯងទៅវិញ»។ ជារួម គ្រប់ព័ត៌មាន ដែលបង្កើតដោយក្រុមប្រឆាំង ជ្រុលនិយម គឺសុទ្ធតែជារបៀបវារៈនយោបាយដូច ដែលពួកគេធ្លាប់អះអាងជារឿយៗថា «គេនៅមាន ក្លេរជាច្រើនទៀតប្រឌិតឡើង ដើម្បីធ្វើឱ្យជំរុំទេវតាឆេះ» ដែលគេចង់សំដៅដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលស្របច្បាប់ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។ គំនិតដ៏ស្មោគគ្រោកទាំងនេះ គឺជាភេរវករ នយោបាយ និងជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ដែលអាចបង្កអន្តរាយដល់ប្រជាជននិងជាតិទាំងមូល។

អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃ គណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិន ប្រាកដប្រជារបស់ពិភពលោក រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម ការពារសន្តិភាព និង រក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរព និងគាំទ្រឥតងាករេនូវរាល់សេចក្តីសម្រេចរបស់គណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចក្រឡាហោម តែងគោរពគោលការណ៍ដឹកនាំតាមឋានានុក្រម និងមានភក្តីភាព គ្រប់កាលៈទេសៈប្រកបដោយសេចក្តីកត្តញ្ញូចំពោះសម្តេចតេជោ។ សម្តេចតេជោ តែងមាន ព្រហ្មវិហារធម៌ចំពោះ សម្តេចក្រឡាហោម គឺគ្មានអ្វីអាចបំបែកស្មារតីចាស់ទុំរបស់លោកទាំងពីរបាន ជាដាច់ខាត ដូចពាក្យដំណាលថា «សម្តេចក្រឡាហោម ក្រោមការដឹកនាំរបស់សម្តេចតេជោ»។

សម្តេចក្រឡាហោម ស ខេង តែងតម្កល់នូវគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជាក់ស្តែង សម្តេចក្រឡាហោម ថ្លែងពីខេត្ត បាត់ដំបងនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើមក្នុងការដោះស្រាយបញ្ហាកម្ពុជា ពីការបែកបាក់ពីសង្គ្រាម ជម្លោះឈ្លោះ ទាស់ទែង បែងចែកទឹកដី រហូតមកដល់មានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ ចុងក្រោយ ដែលសម្តេចតេជោបានដឹកនាំ បានដាក់ចេញ ដោយមានការគាំទ្រ ការចូលរួមរបស់ថ្នាក់ដឹកនាំក្រោម ឱវាទ ក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋ នាំឱ្យទទួលបានសុខសន្តិភាព១០០% គឺកម្ពុជាយើងគ្មាន សង្គ្រាម ឬអាចនិយាយថា គ្មានកម្លាំងប្រដាប់អាវុធណាមួយនៅក្រៅច្បាប់នោះទេ ដោយមានតែ កងយោធពលខេមរភូមិន្ទតែមួយគត់ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត….. ហើយការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា យើងខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់ សម្តេចតេជោ ធ្វើឱ្យប្រទេសកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស…។ កម្ពុជាធ្វើបាន ប៉ុណ្ណេះ ចាត់ទុកថា ជោគជ័យធំណាស់ ដែលយើងមិនអាចបំភ្លេចបាន ការដឹកនាំជំរុញនូវការអភិវឌ្ឍ ការស្តារ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅ កម្ពុជាជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នាឆ្នាំ២០៥០ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគាំទ្រយុទ្ធសាស្ត្រនេះ ដើម្បីផល ប្រយោជន៍ជាតិ»។ ជាពិសេស សម្តេចក្រឡាហោម ស ខេង តែងតែប្រកាសជំហរ គាំទ្ររាជរដ្ឋាភិបាល កម្ពុជាបន្តវេន ប្រកបដោយភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃស្វាហាប់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាថ្មីម្តងទៀត អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ កុំជឿតាមសាររបស់ក្រុមភេរវករនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរ ដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។ សម្តេចក្រឡាហោម ស ខេង បាន មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែបប្រជាភិថុតិ សុទ្ធសាធដែលត្រូវបដិសេធយ៉ាងដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។ លើសពីនេះ ការ បង្កើតចលនាតស៊ូនិរទេសខ្លួននៅឯបរទេសនេះ គឺជាចលនាខុសច្បាប់ ច្រាសទិសលទ្ធិប្រជាធិបតេយ្យ និង សូមឱ្យប្រជាពលរដ្ឋខ្មែរ កុំចាប់អារម្មណ៍ កុំជឿតាម កុំគាំទ្រ កុំចូលរួមជាដាច់ខាត៕

ដោយ៖ តារា


ចែករំលែក៖