ព័ត៌មានទាន់ហេតុការណ៍៖

Tiger Woods បង្ហាញជាសាធារណៈអំពីទំនាក់ទំនងស្នេហាជាមួយអតីតកូនប្រសារបស់ប្រធានាធិបតីត្រាំ

ចែករំលែក៖

តារាវាយកូនហ្គោលដ៏ល្បី Tiger Woods បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំដោយបានបង្ហាញអំពីទំនាក់ទំនងស្នេហាជាមួយអតីតកូនប្រសារបស់ប្រធានាធិបតីត្រាំជាសាធារណៈ។

លោកTiger Woods និងនាង Vanessa Trump បានចេញមុខជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេដោយបង្ហោះរូបភាពពីរនាក់នៅលើបណ្តាញសង្គមដោយប្រកាសពី ស្នេហាពិតប្រាកដរបស់ពួកគេ។ 

រឿងនេះកើតឡើង ១០ ថ្ងៃបន្ទាប់ពី DailyMail.com បានចេញផ្សាយព័ត៌មានផ្តាច់មុខដែលថាកីឡាករវាយកូនហ្គោលកំពុងណាត់ជួបស្នេហាជាមួយអតីតភរិយារបស់លោក Donald Trump Jrដែលជាកូនប្រុសច្បងរបស់លោក ដូណាល់ត្រាំ។

ទន្ទឹមនឹងរូបភាពពីរសន្លឹករបស់គូស្នេហ៍ដែលស្រលាញ់គ្នានេះ លោក Woods បានសរសេរកាលពីយប់ថ្ងៃអាទិត្យថា “ស្នេហាពិតបានកើតឡើង ហើយជីវិតខ្ញុំគ្មានអ្វីប្រសើរជាងមានអ្នកនៅក្បែរខ្ញុំ។”

ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដែល​ផ្តល់​ការ​អបអរ​សាទរ​គឺ Ivanka Trump អតីត​បង​ថ្លៃ​ស្រី​របស់ Vanessa។ នាង​បាន​បញ្ចេញ​មតិ​លើ​ការ​បង្ហោះ​ថា “រីករាយ​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ” ខណៈ​បន្ថែម​រូប Emoji ជាច្រើន​ជាមួយ​បេះដូង​ស្នេហា។

DailyMail.com បានបញ្ជាក់ជាមួយនឹងប្រភពចំនួនបួនថា កីឡាករWood អាយុ ៤៩ឆ្នាំ និង Vanessa អាយុ ៤៧ឆ្នាំ ដែលអ្នកទាំងពីររស់នៅក្នុងរដ្ឋ Florida បានរួមរស់ជាមួយគ្នាតាំងពីថ្ងៃបុណ្យ Thanksgiving មកម្លេះ ។

Vanessa បានរៀបការជាមួយកូនច្បងរបស់ប្រធានាធិបតីអាមេរិក ត្រាំ នៅឆ្នាំ ២០០៥ មុនពេលពួកគេទាំងពីរបានបែកគ្នា ១៣ឆ្នាំក្រោយមកនិងមានកូនចំនួន៥នាក់៕

ដោយ៖ ភារៈ


ចែករំលែក៖