ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើកកម្មវិធី «ជុំវិញទន្លេមមេគង្គ» ឬ Mekong Discovery Days ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លេីកទី១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ដ្រី បានសម្តែងក្តីសោមនស្សរីករាយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឱកាសចូលរួមកម្មវិធីនេះជាលើកទី២ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលដែលក្រសួងសម្រេចបាន តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា។ តាមរយៈភាពយន្តឯកសារទាំង ឡាយ ដែលចាក់បញ្ចាំងនៅក្នុងកម្មវិធី «ជុំវិញដងទន្លេមេគង្គ» នេះរដ្ឋមន្ដ្រីសង្ឃឹមថា ទស្សនិកជន ជាពិសេសប្អូនៗសិស្ស-និស្សិត នឹងបានយល់កាន់តែច្បាស់និងទូលំទូលាយ អំពីភាពចាំបាច់និងប្រទាក់ក្រឡាគ្នា នៃវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិ ទាំងនៅកម្ពុជា និយាយដោយឡែក និងនៅក្នុងអនុតំបន់ទន្លេមេគង្គ និយាយជារួម។
ទាក់ទងនឹងការងារអភិរក្ស លោករដ្ឋមន្ដ្រី បានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំង ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមថែរក្សាធនធានធម្មជាតិ។ ភាពជោគជ័យនៃការងារនេះ ស្ដែងឱ្យឃើញតាមរយៈកំណើនសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិប្រទេសកម្ពុជា និងវត្តមានផ្សោតសមុទ្រ ផ្សោតផ្កាឈូក ជ្រូកទឹក ក្រពេីភ្នំ និងជីវចម្រុះផ្សេងៗទៀត ដែលជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ជាទីបញ្ចប់លោករដ្ឋមន្ដ្រី លេីកទឹកចិត្តដល់យុវជន ទាំង អស់ ស្វែងយល់ និងចូលរួមផ្សព្វផ្សាយ ចែករំលែកអំពីធនធានល្អៗរបស់កម្ពុជា សំដៅលេីកកម្ពស់ការអភិរក្សធនធានធម្មជាតិ។ បើតាមលោករដ្ឋមន្ដ្រី ការងារដែលក្រសួងកំពុងធ្វើដោយទទួលបានលទ្ធផលល្អ ក្រសួងនឹងបន្តធ្វើបន្ថែមទៀត ហើយធ្វើឱ្យកាន់តែប្រសើរ។ ចំណែកអ្វីដែលនៅមានភាពខ្វះចន្លោះ ក្រសួងស្វាគមន៍នូវរាល់មតិយោបល់ស្ថាបនា ដើម្បីធានាឱ្យបាននូវនិរន្ដរភាពធនធានធម្មជាតិ និងស្របតាមគោលនយោបាយរបស់ក្រសួងគឺធានាថា ប្រជាជនខ្មែរ «មានហូប មាន បាន មានប្រើ និងមានរហូត»៕
ដោយ៖ សូរិយា