ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​​ជនសង្ស័យ០២នាក់ ដែលជាមុខសញ្ញាលួចកាច់បំបែកសោរ.កម៉ូតូសកម្ម​ បានសម្រេចជាង២០លើក និងធ្លាប់ជាប់ពន្ធនាគារចំនួន​ ០៣ខេត្ដ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​ជនសង្ស័យ០២នាក់ ដែលជាមុខសញ្ញាលួចកាច់បំបែកសោរកម៉ូតូសកម្ម​ បានសម្រេចជាង២០លើក និងធ្លាប់ជាប់ពន្ធនាគារចំនួន​ ០៣ខេត្ដ​ ជាសាធារណៈ​មុននិងបញ្ជូនខ្លួនទៅតុលាការ​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​បង្ក្រាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស(កាច់បំបែកសោរកម៉ូតូ) ក្នុងភូមិសាស្រ្ដក្រុង-ខេត្ដព្រះសីហនុ ។ 

ប្រភពដដែលបន្តថា​ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមហោស្រពចាស់ (បេនឡានតាក់ស៊ី) ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ជាមុខសញ្ញាសកម្ម និងមិនរាងចាល (មុខសញ្ញាចាស់) ក្នុងករណីលួច (កាច់បំបែកសោរកម៉ូតូ) ប្រព្រឹត្ដតាំងពីអំឡុងខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្ដក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ 

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖ 

១.ឈ្មោះ ផាន់ ជា ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅ មិនពិតប្រាកដ ។ 

២.ឈ្មោះ មុត សុភា ឬឈ្មោះ ចាន់ នី ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ 

ចំណែក​វត្ថុតាងដកហូតបានរួមមាន ៖  

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JZ-6573 បិតប្ដូរលេខ៣ ដាក់លេខ៨(ក្លែង) សេរីឆ្នាំ២០២២។ (មធ្យោបាយធ្វើសកម្មភាព)

-ឧបករណ៍សម្រាប់កាច់បំបែកសោកម៉ូតូចំនួន០២(ផ្លែកាច់)

-កូនសោរម៉ូតូចំនួន០៤

-ស្លាកលេខកំពង់ឆ្នាំង 1N-3093 ចំនួន០១សន្លឹក

-មួកការពារចំនួន០២(មួកធ្វើសកម្មភាព)

-ដុំសោរម៉ូតូបែកគ្រាប់ចំនួន១

-ទូរស័ព្ទចំនួន៣គ្រឿង និងសម្ភារៈមួយចំនួន ។ 

ក្រោយការសាកសួរ ស្រាវជ្រាវ និងការពិនិត្យភស្ដុតាងដែលផ្ដល់ដោយជនរងគ្រោះចំនួន០៧នាក់ រកឃើញថា ជនសង្ស័យទាំង០២នាក់ រួមនឹងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាច់បំបែកសោរកម៉ូតូ ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជាង២០លើក ពួកគេជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០៣ខេត្ដគឺ ពន្ធនាគារខេត្ដកណ្ដាល ខេត្ដសៀមរាប និងខេត្ដតាកែវ ក្នុងបទលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោរកម៉ូតូ) ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងចំនួន០៧សំណុំរឿង តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងបញ្ជូនខ្លួនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងដកហូតបានទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី ៕

ដោយ​៖ តារា​


ចែករំលែក៖