ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តជំរុញការយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជំងឺរបេង

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ។ នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា បានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោក ចំពោះការកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ខណៈប្រមាណ ២០ឆ្នាំមុន កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដែរថា ចំពោះលទ្ធផលដែលកម្ពុជាបានក្លាយជាប្រទេសគំរូចំពោះការកម្ចាត់ជំងឺរបេងនេះ គឺបានកើតចេញ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិ ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ នៅទូទាំងប្រទេសផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេង ជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ»។ ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេង បានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង ៥០ភាគរយ ។

ទន្ទឹមនឹងក្លាយជាប្រទេសគំរូ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា ទោះបីកម្ពុជាទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើធៀបនឹងបណ្តាលប្រទេសមួយចំនួនទៀតនៅសកលលោក ។ បញ្ហានេះ តម្រូវឱ្យយើង ត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរិមា នូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នា ត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការជឿជាក់ថា ប្រធានបទ «មែនហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» ដែលត្រូវកំណត់ក្នុងឆ្នាំនេះ នឹងរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការបញ្ចប់ជំងឺរបេង ដោយត្រូវរួបរួមគ្នាប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេស ពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប ៕

ដោយ ៖ សិលា


ចែករំលែក៖