ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចចាប់ផ្តើម លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Towfiqua Hoque និងគណៈប្រតិភូ IFC ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេចអំពីភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយនៅលើសាកលលោក ជាពិសេសការធ្វើពាណិជ្ជកម្ម ដែលជាកត្តាចាំបាច់នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង IFC និងប្រទេសកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បញ្ហាប្រឈម និងកាលានុវត្តភាពនានា។
លោកស្រី Towifqua Hoque បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ IFC ចួលជួបពិភាក្សាការងារដើម្បីសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លោកស្រីកត់សម្គាល់ថា វិស័យឯកជននៅកម្ពុជាមានដំណើរការល្អ និងដោយរលូន ទាំងក្នុងវិស័យ SMEs និងក្នុងវិស័យកម្រិត Micro ហើយលោកស្រីបានកត់សម្គាល់អំពីភាពរស់រវើកនៃប្រជាជនកម្ពុជា ក្នុងនាមជាសេដ្ឋកិច្ចកំពុងរីកចម្រើន។ បន្ថែមពីនេះ លោកស្រីក៏បានចែករំលែក និងរៀបរាប់អំពីសកម្មភាពដែល IFC បានអនុវត្តកន្លងមកនៅកម្ពុជាក្នុងវិស័យឯកជន, វិនិយោគ, SMEs, កសិកម្ម, ថាមពល, ធនាគារ, ជាដើម ។ល។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានចែករំលែកជាសង្ខេបអំពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IFC នៅកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ និងវិស័យឯកជន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើ និងជំរុញឱ្យ IFC សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជា ទាំងទំហំ និងវិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ។
លោកស្រី Towfiqua Hoque បានទទួលយក និងសន្យាពាំនាំនូវសំណើទាំងនេះ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម
វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពនៃវិស័យឥណទាន និងការធានាស្ថិរភាពហិរញ្ញវត្ថុ ដោយរួមទាំងយន្តការបង្ការវិបត្តិផងដែរ។
មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព ៕
ដោយ ៖ សិលា