ព័ត៌មានទាន់ហេតុការណ៍៖

សង្ក្រាន្តឆ្នាំថ្មីខាងមុខ ! ផ្សារស្ទឹងសៀមរាប កំពុងរៀបចំ និងតុបតែងជាបណ្ដើរៗហើយ!

ចែករំលែក៖

ខេត្តសៀមរាប ៖ ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមការងារតំបន់ផ្សារស្ទឹងសៀមរាប បាន និងកំពុងរៀបចំ តុបតែង លម្អ នៅតាមមាត់ស្ទឹង ដើម្បីបង្កើនទស្សនីយភាពបែបចម្រុះទាំងបុរាណ និងសម័យ សម្រាប់បម្រើអារម្មណ៍បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទស្សនាកម្សាន្ត។

តំបន់ផ្សារស្ទឹងសៀមរាបនៅឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីជិះទូកកម្សាន្ត កម្មវិធីហែរក្បួនទូក កម្មវិធីផ្សារបណ្ដែតទឹក កម្មវិធីពិព័រណ៍ផលិតផល រួមទាំងកម្មវិធីប្រគំតន្ត្រីផ្សារស្ទឹងសៀមរាបផងដែរ។

កុំភ្លេចណា! ណាត់គ្នាទៅជិះទូកកម្សាន្តនៅផ្សារស្ទឹងសៀមរាបទាំងអស់គ្នា ពិតជាសប្បាយអស់ទាស់ ក្រោមដំបូលសន្តិភាព។

 «ខែ៤(មេសា) ឆ្នាំនេះ គឺយើងធ្វើអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះម្តងទៀត។»។ នេះជាការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូន ដល់ និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។

ពីវេទិកាដដែលនេះ ប្រមុខរាជរដ្ឋាភិបាល ប្រាប់រំឭកឱ្យយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ខេត្តសៀមរាប ត្រៀមខ្លួនក្នុងការចូលរួម និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ។

ជុំវិញការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសាសនា ដែលរួមមានពិធីបួងសួងសុំសេចក្តីសុខនៅតាមទីសក្ការនានា និងពិធីប្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្រាន្ត នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ រួចរាល់។ 

សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ«មហាសង្ក្រាន្ត» ដើម្បីយកទៅចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កត្តាសន្ដិសុខនេះ គឺសំខាន់ណាស់ ដូច្នេះត្រូវថែរក្សាឱ្យបានល្អ ជាពិសេសតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាពដល់ទេសចរដែលមកលេងកម្សាន្តសប្បាយនៅប្រទេសកម្ពុជា។ នេះហើយជាកត្តាសំខាន់ ដែលត្រូវរួមគ្នាថែរក្សា និងធ្វើឱ្យបាន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាព កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនទាក់ទាញទេសចរមកទស្សនាកម្ពុជា ហើយបើកម្ពុជាមានសង្គ្រាមមិនមានទេសចរណាមកលេងកម្ពុជាឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖