ព័ត៌មានទាន់ហេតុការណ៍៖

លុយចាស់ ទក់ រហែក ជាង១០០លានរៀល ត្រូវបានធនាគារជាតិ សាខាបន្ទាយមានជ័យ ដូរឱ្យពលរដ្ឋដោយមិនគិតកម្រៃសេវាឡើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បើតាមលោកស្រី ក្រាមបូល័ក្ខ ប្រធានធនាគារជាតិ នៃកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នាព្រឹកនេះ ក្រុមការងារបានដូរក្រដាសប្រាក់រៀលដែលចាស់ ទក់ និងរហែក ជូនប្រជាពលរដ្ឋ បានចំនួន២១,២៤៧,៣០០រៀល។ សូមបញ្ជាក់ថា ៖ ធនាគារជាតិ នៃកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក ជូនប្រជាពលរដ្ឋ នៅផ្សារចាស់ថ្មពួក ក្នុងស្រុកថ្មពួក នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ ចំនួនទឹកប្រាក់នេះ ត្រូវបានផ្ទេរចូលក្នុងគណនីបាគង ឬគណនីធនាគាររបស់ពលរដ្ឋ ដែលយកលុយមកដូរនោះ។

នេះគឺលើកទី៥ហើយ ដែលធនាគារជាតិ សាខាខេត្តបន្ទាយមានជ័យ ធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ជូនសាធារណជន ប្រចាំឆ្នាំ២០២៥ ។ លោកស្រី ក្រាម បូល័ក្ខ បានបញ្ជាក់ថា  ក្នុងយុទ្ធនាការ៤លើកកន្លងមក មានប្រជាពលរដ្ឋចំនួន១៤០០នាក់បានចូលរួម ដោយក្នុងនោះ មាន២៦៩នាក់ បានមកប្តូរប្រាក់ ដែលមានទំហំទឹកប្រាក់ ៩៤,៦៣០,០០០រៀល។  

ពោល ក្នុងត្រីមាស ឆ្នាំ២០២៥ ធនាគារជាតិ សាខាខេត្តបន្ទាយមានជ័យ បានប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក ជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃសេវា បានចំនួន ១១៥,៨៧៧,៣០០រៀល។

ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើការ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិ នៃកម្ពុជា ទទួលបានឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ធនាគារជាតិនៃ កម្ពុជា និងភាគីពាក់ព័ន្ធទាំង អស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋ កិច្ចនិងសង្គម ប្រកបដោយនិរន្តរភាពនិងជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។

កន្លងទៅក្នុងស្ថានភាពនៃការរីករាល ដាលជំងឺកូវីដ-១៩ ធនាគារ ជាតិនៃកម្ពុជា ក៏លើកទឹក ចិត្តឱ្យសាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើ ប្រាស់ក្រដាសប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។ កន្លងមក ដើម្បីបង្កើនការ យល់ដឹងនិងលើកកម្ពស់គុណតម្លៃរបស់ប្រាក់រៀល ធនាគារ ជាតិនៃកម្ពុជា ក៏បានផ្សព្វ ផ្សាយអំពីរបៀបនៃការទុក ដាក់និងប្រើប្រាស់ក្រដាស ប្រាក់រៀលឱ្យបានត្រឹមត្រូវនិងប្រកបដោយអនាម័យតាម រយៈវីដេអូខ្លី និងឯកសារអប់រំផ្សេងៗផងដែរ។ 

ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្តូរថ្មីដោយមិនគិតកម្រៃសេវានៅគ្រប់បញ្ជរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី -ខេត្ត (លើកលែងតែស្នាក់ការកណ្តាលនៅរៀងរាល់ម៉ោងធ្វើ ការ។ ក្នុងករណីដែលក្រដាស ប្រាក់រៀលមានការខូចខាតឬបាត់បង់ទ្រង់ទ្រាយដូចមានចែងក្នុងមាត្រា ៥១ មាត្រា ៥២ និងមាត្រា ៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃ កម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។

សូមបញ្ជាក់ថា ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និងពង្រឹងសាម គ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសូមថ្លែងអំណរគុណ និងសង្ឃឹម ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំង នឹងទង្វើទាំង ឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃប្រាក់រៀលរបស់យើង ៕

ដោយ ៖ សិលា


ចែករំលែក៖