ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកូរ៉េខាងត្បូងកំណត់កាលបរិច្ឆេទកាត់ទោសប្រធានាធិបតី Yoon Suk Yeol

ចែករំលែក៖

ការកាត់ក្តីជាផ្លូវការលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី 14 ខែមេសា ដើម្បីកាត់ទោសលោក Yoon លើការចោទប្រកាន់ពីបទញុះញង់ឱ្យមានការបះបោរក្នុងអំឡុងពេលដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូឆ្នាំមុន។
តុលាការកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី 24 ខែមីនាថា ការកាត់ក្តីព្រហ្មទណ្ឌរបស់ប្រធានាធិបតី Yoon Suk Yeol ក្រោមការចោទប្រកាន់ពីការបះបោរនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី 14 ខែមេសា។ តុលាការក្រុង Seoul Central District បានប្រកាសកាលបរិច្ឆេទកាត់ក្តីក្នុងសវនាការបឋមលើកទី 2 របស់ខ្លួនដោយនិយាយថា ការកាត់ក្តីជាផ្លូវការលើកទី 1 នឹងធ្វើឡើងនៅថ្ងៃទី 14 ខែមេសា សម្រាប់ Yoon លើការចោទប្រកាន់ពីបទញុះញង់ឱ្យមានការបះបោរក្នុងអំឡុងខែធ្នូចុងក្រោយ។
តុលាការបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី Choi Sang-mok និងរដ្ឋមន្ត្រីការបរទេស Cho Tae-yul សាក្សីពីរនាក់ដែលស្នើដោយព្រះរាជអាជ្ញា នឹងត្រូវបានហៅឱ្យផ្តល់សក្ខីកម្មនៅសវនាការដំបូង។
យោងតាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា ទាំងលោក Choi និង លោក Cho បានសម្តែងការព្រួយបារម្ភចំពោះ លោក Yoon មុនពេលគាត់ប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី 3 ខែធ្នូ។ ខុសពីសវនាការបឋមដំបូង លោក Yoon មិនមានវត្តមាននៅក្នុងតុលាការនៅថ្ងៃទី 24 ខែមីនាទេ។ សវនាការមិនតម្រូវឱ្យជនជាប់ចោទមានវត្តមានទេ៕

ដោយ៖ ធីរីណា(រូបថត​៖ TTXVN)


ចែករំលែក៖