ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងលោក Anu នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុន ASELSAN ប្រទេសតួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូក្រុមហ៊ុន ASELSAN និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកគី ចាប់តាំងពីរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ឱ្យដំណើរការស្ថានអគ្គរាជទូតរៀងៗខ្លួន ព្រមទាំងកិច្ចខិតខំរបស់ថ្នាក់ដឹកនាំក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំស៊ីជម្រៅ ពិសេសការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។
ទាក់ទងវិស័យការពារជាតិ ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងថា កន្លងមកទោះបីទំហំនៃកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរស្ថិតក្នុងកម្រិតតិចតួចក្តី ប៉ុន្តែប្រទេសទាំងពីរបានស្វះស្វែងរកការបង្កើនទំនាក់ទំនងល្អជាមួយគ្នា បង្កើតឱ្យមានភាពជិតស្និទ្ធ និងល្អប្រសើរជាមួយគ្នា។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម បានវាយតម្លៃខ្ពស់លើសមត្ថភាពការពារជាតិរបស់ប្រទេសតួកគី និយាយដោយឡែក ក្រុមហ៊ុន ASELSAN និងបានស្វាគមន៍ទៅលើបំណងនៃការភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់ក្រុមហ៊ុនជាមួយកម្ពុជា ព្រោះនេះជាកិច្ចការដែលស្របនឹងចក្ខុវិស័យរបស់កងយោធពលខេមរភូមិន្ទក្នុងការពង្រឹងសមត្ថភាពការពារជាតិ។
លោក Anu បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់ឯកឧត្តមអគ្គមេបញ្ជាការ និងបានធ្វើការបញ្ជាក់ជូនពីក្រុមហ៊ុន ASELSAN ដែលជាសាជីវកម្មការពារជាតិដ៏ធំនៃប្រទេសតួកគី មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាង ៥០ នៅទូទាំងពិភពលោក និងមានបុគ្គលិកជាច្រើនពាន់នាក់ សុទ្ធសឹងជាវិស្វករ មានជំនាញសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យការពារជាតិ។
លោក Anu បានបន្តថា ក្រុមហ៊ុន ASELSAN ជាសមាជិកនៃអង្គការណាតូ ហើយកន្លងមកក្រុមហ៊ុនបាននាំចេញនូវផលិតផលទៅកាន់បណ្ដាប្រទេសចំនួន ៩០ នៃពិភពលោក ដែលផលិតផលទាំងនោះធានាដោយច្បាប់ និងស្របតាមស្តង់ដានៃអង្គការណាតូ៕
ដោយ ៖ សិលា