ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័នចំនួន៤ សម្រាប់ក្របខណ្ឌឆ្នាំ២០២៥។ 

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នសាមីទាំង៤ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

សម្រាប់ការជ្រើសរើសមន្ត្រីនៃក្រសួង ស្ថាប័នទាំង៤ ដែលនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី រួមមាន៖ (១)មន្ត្រីកសិកម្មឃុំ ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 (២)មន្ត្រីសុខាភិបាល នៃក្រសួងសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀងការងារ។

 (៣)មន្ត្រីក្របខណ្ឌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

និង (៤)មន្រ្តីផ្នែកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

អង្គប្រជុំបានធ្វើបទបង្ហាញ និងមានការពិភាក្សាចូលរួមមតិយោបល់លើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើស គិតចាប់ពីការរៀបចំផ្សព្វផ្សាយសេចក្តីជូនដំណឹង ការទទួលការដាក់ពាក្យចូលរួមប្រឡងប្រជែង ដំណើរការប្រឡងប្រជែងនិងកំណែវិញ្ញាសា រហូតដល់ការប្រកាសលទ្ធផលនិងបែងចែកទៅតាមអង្គភាពគោលដៅ ធ្វើយ៉ាងណាត្រូវអនុវត្តឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» និងនិយាមនីតិវិធីប្រតិបត្តិការប្រឡងប្រជែង «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។

សូមជម្រាបជូន សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមតាមដានព័ត៌មាន និងភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.New៕

ដោយ ៖ សិលា


ចែករំលែក៖