ខេត្តបន្ទាយជ័យ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើប អង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួង មហាផ្ទៃជម្រាបជូនដល់សាធារណជនជាតិនិងអន្តរជាតិ ជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំង ២ ដែលលួចលាក់ប្រព្រឹត្ត បទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋ ជនជនជាតិថៃប្រមាណ ០៧នាក់ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើប អង្កេតស្រាវជ្រាវ និងឃ្លាំមើល សកម្មភាពសង្ស័យនៅទីតាំងខាងលើមួយរយៈកន្លងមក។
ការឈានទៅបង្ក្រាបទីតាំងទាំងពីរខាងលើនេះ ធ្វើឡើងដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី នាយឧត្តម សេនីយ៍ អគ្គស្នងការ នគរបាលជាតិ។
ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិថៃសរុប៦៣នាក់(ស្រី ៣០នាក់) ក្នុងនោះមានកុមារចំនួន០២នាក់ និងបានរកឃើញសម្ភារៈវត្ថុតាងដូចជា កុំព្យូទ័រចំនួន ៣៣គ្រឿង និងទូរស័ព្ទដៃចំនួន ៦៥គ្រឿង សម្រាប់ធ្វើសកម្មភាពបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ រួមទាំងអត្តសញ្ញាណប័ណ្ណថៃចំនួន ៦៥ច្បាប់ និងលិខិតឆ្លងដែនថៃចំនួន ០២ ច្បាប់។ តាមរយៈទិន្នន័យ ក្នុងវត្ថុតាង សមត្ថកិច្ចកំណត់បានថា ក្រុមនេះកំពុងត្រៀមរៀបចំប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ទឹកដីកម្ពុជាធ្វើ សកម្មភាពទៅប្រទេសដទៃផ្សេងទៀត។
ក្នុងចំណោមពលរដ្ឋថៃទាំង ៦៣នាក់ សមត្ថកិច្ចបានរកឃើញ ១០នាក់ កំពុងធ្វើសកម្មភាពរៀបចំ សម្ភារៈមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ដោយស្ម័គ្រចិត្ត និង ៤៦នាក់ កំពុងរស់នៅក្នុងស្ថានភាពដោយបិទសិទ្ធិសេរីភាពដើរហើរ ប៉ុន្តែមិនមានសញ្ញាណរងគ្រោះដោយអំពើហិង្សា ឬអំពើជួញដូរមនុស្សនោះឡើយ។ ក្នុងនោះដែរ សមត្ថកិច្ចបានកំណត់ជនជាតិថៃចំនួន ០៧នាក់ (ស្រី ០១ នាក់) ជាមេក្លោងជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសខាងលើ។
ជនជាតិថៃចំនួន ៥៦នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីសម្របសម្រួលរៀបចំបែបបទបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមសំណូមពរពីអ្នក ទាំងនោះ ដោយឡែកចំពោះជនសង្ស័យ ០៧នាក់ផ្សេងទៀត កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សូរិយា