ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩គ.ស.២០២៥ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិយើង ក្នុងការចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងរាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ។
១-ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមាន របួស ឬខូចខាតទ្រព្យសម្បត្តិមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
២- បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
៣- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជនមជ្ឈ មណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេលចាកចេញ ដើម្បី បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ៕
ដោយ ៖ សំរិត