ភ្នំពេញ៖ ប្រជាពលរដ្ឋដេញតាមចាប់បានចោរឆក់ទូរស័ព្ទជនបរទេសបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនបរទេសបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្រោយក្រសួងបរិស្ថាន នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនបរទេសម្នាក់ នៅក្រោយក្រសួងបរិស្ថាន ។ បន្ទាប់ពីឆក់បានសម្រេច ជនសង្ស័យទាំង២បានព្យាយាមរត់គេចខ្លួន ភ្លាមៗនោះជនបរទេស ដែលជាជនរងគ្រោះ ក៏បានស្រែកឱ្យគេជួយដេញ ។
អ្នកឃើញហេតុការណ៍បានបន្តទៀតថាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាដេញតាមចាប់ជនសង្ស័យទាំង២ បានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ព្រមទាំងយកទូរសព្ទ័ដៃរបស់ជនរងគ្រោះទៅជាមួយផងដែរ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំង ទើបពលរដ្ឋបានប្រគល់ជនសង្ស័យដែលឃាត់បានទៅឲ្យសមត្ថកិច្ច យកទៅសាកសួរនាំ ។ រីឯជនរងគ្រោះក៏បានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីដាក់ពាក្យបណ្តឹង ចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ