ដំបូងអង្គការសួរបងឡុង បងសុខ រួចខ្មៅ និងសាង ហើយបន្ទាប់មកអង្គការបានសួរខ្ញុំថា ក្មួយឯងប្រាប់តាមត្រង់មក តើឪពុកធ្លាប់ធ្វើការអ្វីដែរ? ខ្ញុំបានឆ្លើយតបទៅគាត់វិញថា ឪពុករបស់ខ្ញុំធ្លាប់ធ្វើជាអ្នកដាំបាយ។អង្គការបានសួរបញ្ជាក់ពាក្យសម្ដីដែលខ្ញុំនិយាយថា ឪ ទៀត។អង្គការគិតថាខ្ញុំហៅឪពុករបស់ខ្ញុំថាប៉ា ព្រោះខ្ញុំមកពីទីក្រុងភ្នំពេញ។ខ្ញុំបានប្រកែក ព្រោះជាការពិតខ្ញុំហៅតែឪទេ។ រយៈពេលប្រហែល ១០ថ្ងៃក្រោយ មកអង្គការបានឲ្យឪពុករបស់ខ្ញុំទៅនៅកងចល័ត។ក្រោយមកទៀតអង្គការបានឲ្យម្ដាយរបស់ខ្ញុំចេញទៅទៀត។បន្ទាប់មកបងឡុង និងបងសុខ ទៅធ្វើការនៅកងនារីនិងកងយុវជនពិសេស។ ឪពុកម្ដាយនិងបងៗរបស់ខ្ញុំទៅធ្វើការតាមកងក្នុងភូមិ ហើយអាចត្រឡប់មកសម្រាកនៅផ្ទះវិញបាន ប៉ុន្តែប្រសិនបើពួកគាត់ទៅធ្វើការនៅទីឆ្ងាយពីភូមិគឺគាត់មិនអាចត្រឡប់មកសម្រាកនៅផ្ទះវិញបានទេ។ ចំណែកឯប្អូនម៉ៅ និងសាងបាននាំគ្នាទៅធ្វើការងារនៅកងកុមារតូចៗផ្សេងទៀត។ សមាជិកក្រុមគ្រួសាររបស់ខ្ញុំត្រូវអង្គការចាត់តាំងឲ្យនៅតាមអង្គភាពផ្សេងៗរៀងខ្លួន។ តានៅផ្ទះផ្សេង រីឯយាយនៅផ្ទះផ្សេង។ ខ្ញុំទៅនៅកងកុមារីគឺមានតែក្មេងស្រីៗ រីឯក្មេងប្រុសនៅតាមប្រុសដែលស្នាក់នៅជិតៗក្នុងវត្តព្រៃផ្អេរ។
នៅក្នុងរបបខ្មែរក្រហម ឪពុករបស់ខ្ញុំហូបបបរដំបូងៗ គឺរាករហូត។ យើងមិននឹកស្មានថាគាត់អាចស៊ូទ្រាំបានរស់ផង ប៉ុន្តែក្រោយមកគាត់ក៏ប្រសើរឡើងវិញ។ អង្គការបានឲ្យយាយតារបស់ខ្ញុំចិញ្ចឹមមាន់។ ពេលខ្លះតារបស់ខ្ញុំបានលួចបុកស្រូវយកមកឲ្យចៅដែលខ្វះខាតអាហារហូបដែរ។ ក្រោយៗមក សមាជិកក្រុមគ្រួសាររបស់ខ្ញុំចេះតែបែកឃ្លាតពីគ្នាម្ដងបន្តិចៗទៅធ្វើការនៅឆ្ងាយរៀងៗខ្លួន។ រៀងរាល់ខែប្រាំង អង្គការបានប្រើឲ្យប្រជាជនជីកប្រឡាយ។ នៅពេលនោះខ្ញុំត្រូវអង្គការប្រើឲ្យទៅរែកដីដែរ។ ខ្ញុំរែកដីដល់ម៉ោង ១០ យប់ទើបបានឈប់សម្រាក។ជួនពេលខ្លះខ្ញុំលួចដេកបិទភ្នែកមួយភ្លែតៗ នៅពេលរែកដី។ ក្រៅពីរែកដីអង្គការបានប្រើឲ្យខ្ញុំទៅកាប់ដើមទន្ទ្រាតខេត្រ ប្រមូលអាចម៍គោ និងលាមកមនុស្សដាក់ក្នុងបង្គីកណ្ដៀតយកទៅបាចចូលក្នុងស្រែធ្វើជាជី។ នៅពេលធ្វើស្រែអង្គការបានឲ្យខ្ញុំទៅវត្តប្រសិទ្ធដើរបោះសំណាបឲ្យចាស់ស្ទូងស្រូវ។ អង្គការបានផ្ដល់អាហារឲ្យទៅប្រជាជនទៅតាមរដូវកាល។ នៅពេលដែលភ្លៀងធ្លាក់កាន់តែខ្លាំងបបរគឺកាន់តែរាវ។ នៅរដូវប្រាំងច្រូតកាត់ យើងទទួលបានអាហារល្មមគ្រាន់នឹងហូប។ ព្រលឹមម៉ោង ៥ ព្រឹក អង្គការបានដាស់ប្រជាជនឲ្យជុំគ្នា និងដើរចម្ងាយពី៣ទៅ ៥ គីឡូម៉ែត្រអាស្រ័យទៅលើទីតាំងបានកំណត់ឲ្យធ្វើការ។ ក្នុងមួយក្រុមៗមានមនុស្សប្រហែល 15 នាក់ហើយក្នុងអំឡុងពេលធ្វើការងារមានអ្នកខ្លះលួចរត់ អ្នកខ្លះឈឺក្តៅ ដូច្នេះហើយក្នុងមួយក្រុមៗនៅសល់ប្រហែល១០ នាក់ទេ។ប្រជាជនម្នាក់ៗខំធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ និងមានរូបរាងកាន់តែស្គមទៅៗ។ ខោអាវមានតែពីរសម្រាប់ ថ្ងៃខ្លះធ្វើការទាំងសើមខោអាវហើយដេកទាំងខោអាវ សើមទៀតផង។ យើងមានក្លិនស្អុយឆ្អេះឆ្អាបដូចតែគ្នា គ្មាននរណាល្អជាងនរណានោះទេ។
ខ្ញុំត្រូវអង្គការឲ្យនៅធ្វើការងារនៅក្នុងកងកុមារ។ ពេលណាដែលខ្ញុំនឹកម៉ែពុកពេក ទោះបីជាកណ្ដាលយប់ក៏ខ្ញុំហ៊ានលួចរត់មកផ្ទះដែរ។ នៅពេលបានជួបម៉ែ ពុកហើយ ទើបខ្ញុំរត់ត្រឡប់ទៅកងវិញ។ ថ្ងៃខ្លះអង្គការចុះមកពិនិត្យមើល ហើយអង្គការដឹងថាបាត់ខ្ញុំ ទើបក្រើនរំលឹកប្រាប់ខ្ញុំថា អូនឯងលើកក្រោយកុំលួចរត់ទៅទៀត ប្រយ័ត្នអង្គការយកទៅវាយសម្លាប់ចោល។ នៅក្នុងរបបខ្មែរក្រហមការងារមិនចេះខ្វះឱ្យយើងធ្វើទេ។ ពីមួយថ្ងៃទៅមួយថ្ងៃមួយរដូវទៅមួយរដូវ គឺអង្គការមានការងារឲ្យយើងធ្វើរហូត។យើងចេះតែរស់នៅបែបហ្នឹង ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលយើងប្រាថ្នាចង់បាននោះ គឺត្រឹមតែហូបឲ្យឆ្អែតពីមួយថ្ងៃទៅមួយថ្ងៃដោយមិនគិតចង់មានចង់បានឡើយ។
ពេលមួយ អង្គការបានជ្រើសរើសសមាជិកតាមភូមិឲ្យទៅធ្វើស្រែប្រាំងនៅអន្លង់ទៀន។ នៅពេលដែលឃើញអង្គការជ្រើសរើសដូច្នោះ បងឡុងបងសុខនិងឪពុករបស់ខ្ញុំ នឹកថាសប្បាយបានទៅជុំគ្នាបងប្អូន។ ខ្ញុំយំសុំតាមទៅជាមួយដែរ ហើយអង្គការបានយល់ព្រមឲ្យខ្ញុំទៅ។ នៅពេលដែលទៅដល់អន្លង់ទៀន សមាជិកក្រុមគ្រួសាររបស់ខ្ញុំបែរជាបែកគ្នាទាំងអស់។ បងឡុង និងបងសុខចូលធ្វើការងារនៅក្នុងកងពិសេសនារី។ ចំណែកឯឪពុករបស់ខ្ញុំធ្វើការងារនៅក្នុងកងយុវជនពិសេស។ ខ្ញុំទៅដល់ដំបូងអង្គការបានឲ្យខ្ញុំទៅបោចស្មៅ។ ពេលនោះ ខ្ញុំបានឃើញចាស់ៗកាប់ព្រៃត្រូវពស់ចឹកស្លាប់នៅនឹងភ្នែក ព្រោះទីនោះជាព្រៃលិចទឹកហើយស្មៅដុះខ្ពស់គ្របគល់សម្បូរសត្វមានពិសណាស់។ ថ្ងៃឡើងអង្គការបានឲ្យខ្ញុំដើរដេញចាប់កណ្ដុរក្នុងម្នាក់ៗរកឲ្យបាន ២០ក្បាល។ យើងត្រូវយកកណ្ដុរទៅបង្ហាញអង្គការ ទើបយើងអាចសម្រាកបាន។ ខ្ញុំត្រូវកណ្ដុរខាំរហែកដៃរហែកជាងអស់។នៅពេលស្រូវដាក់គ្រាប់ អង្គការបានឲ្យខ្ញុំដេញចាបកុំឲ្យស៊ីស្រូវ។ កន្លែងដែលខ្ញុំរស់នៅនោះគឺអាចលួចចាប់ត្រីបានហូបបានខ្លះៗ។ អ្នកភូមិនៅទីនោះមិនសូវហូបត្រីទេ ពួកគេចូលចិត្តហូបកណ្ដុរប្រេងធំៗ និងកណ្ដុរដែលស៊ីស្រូវជាង។អ្នកភូមិបានចាប់កណ្ដុរមកអាំង និងនាំគ្នាហូបពេញមួយអង្គភាពប៉ុន្តែដំបូងៗខ្ញុំមិនហ៊ានហូបទេ។នៅពេលដែលអង្គការអាំងសាច់កណ្ដុរវាមានក្លិនឈ្ងុយណាស់
ហើយមិត្តភក្កិក្នុងក្រុមរបស់ខ្ញុំបានចាប់ដៃខ្ញុំនឹងបញ្ច្រកសាច់កណ្តុរនោះចូលក្នុងមាត់រួចបង្ខំឲ្យខ្ញុំហូប។ពេលចូលក្នុងមាត់ខ្ញុំហូបទៅមានរសជាតិឆ្ងាញ់មែន។ អង្គភាពរបស់ខ្ញុំមានដុតអណ្ដើកហូបទៀត។ មិត្តភក្កិរបស់ខ្ញុំបានចាប់ដៃចាប់ហែកមាត់ឱ្យខ្ញុំហូបទៀត។សាច់អណ្ដើកក៏ឆ្ងាញ់ណាស់ដែរ។មួយរយៈពេលដែលខ្ញុំរស់នៅទីនោះ ខ្ញុំបានហូបត្រី កណ្ដុរអាំងនិងអណ្ដើកឆ្អែតៗ ព្រោះវាសម្បូរពេក។ រស់នៅទីនោះខ្ញុំចាញ់រងាណាស់ហើយចេះតែគ្រុនក្តៅ។ថ្ងៃមួយបងស្រីតំណាងកងឈ្មោះ សិក្សា បានឃើញមុខខ្ញុំស្លេកហើយសួរថាម៉េចអូនឈឺឬ? ខ្ញុំឆ្លើយប្រាប់គាត់វិញថា អត់ដឹងឈឺម៉េច មិនដឹងឈឺម៉េចទេ ខ្ញុំមិនដែលដឹងឈឺផង។ គាត់បានសួរខ្ញុំទៀតថា ខ្យល់ទេដឹង? ខ្ញុំនៅតែឆ្លើយថាមិនដឹង។ គាត់គ្រវីក្បាលរួចគាត់បាននិយាយថាអត់ដឹងខ្យល់អី អត់ដឹងថាខ្លួនឯងឈឺទេឬ? គាត់ និងសមាជិកក្រុមពីរនាក់បានចាប់ដៃចាប់ជើងរបស់ខ្ញុំយកស្លាបព្រាបាយកោសខ្យល់ឲ្យខ្ញុំភ្លាមៗ។ បន្ទាប់ពីកោសខ្យល់ជាំៗពេញខ្លួនហើយខ្ញុំក៏បាត់ឈឺក្បាល និងបាត់ក្តៅខ្លួនទៅ។(នៅមានត)