ភ្នំពេញ ៖ ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) នឹងចាប់ផ្ដើមនាំម្សៅថ្មក្វាត(Quartz) ទៅកាន់ទីផ្សារអន្តរជាតិ គឺប្រទេសចិនចំនួន ៣ម៉ឺនតោន នៅក្នុងមួយខែ ក្រោយចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៥ នេះរួច។ ម្សៅថ្មក្វាត(Quartz) ជាម្សៅដែលកិនចេញពីកម្ទេចថ្មតូច ហើយជាប្រភេទម្សៅពណ៌ស សម្រាប់យកទៅផលិតម៉ាបសិប្បនិម្មិត ។ ម៉ាបសិប្បនិម្មិតនេះអាចឱ្យគេ បញ្ចូលពណ៌គ្រប់ប្រភេទទៅតាមតម្រូវការ និងអាចផលិតចេញជាសម្ភារៈប្រើប្រាស់ ជាច្រើន ក្នុងនោះរាប់ទាំង តុ កៅអី គ្រឿងសង្ហារឹមផ្សេងៗ ព្រមទាំងអាចបញ្ចូលរូបភាពទៅក្នុងនោះផងដែរតាមការពេញចិត្ត ។
លោកស្រី កែកុល សោភា នាយិកា ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» កន្លងទៅនេះថា ទីផ្សារអន្តរជាតិត្រូវការ ម្សៅថ្មក្វាត(Quartz)
ជាច្រើនពីប្រទេសកម្ពុជា ហើយការនាំម្សៅថ្មក្វាត(Quartz) ទៅកាន់ប្រទេសចិន គឺជាការចាប់ផ្ដើមពង្រីក ទីផ្សារលើឆាកអន្តរជាតិ លើកដំបូងរបស់ក្រុមហ៊ុនលោកស្រីតែប៉ុណ្ណោះ ដោយលោកស្រីបញ្ជាក់ថា តម្លៃលើទីផ្សារអន្តរជាតិខ្ពស់ ! សូម្បីតែនៅប្រទេសអារ៉ាប់រួម ប្រទេស ITALY ដែលធំជាងគេ ចំពោះម្សៅថ្មក្វាត(Quartz) នេះក៏ទទួល ទាក់ទងមកក្រុមហ៊ុនលោកស្រីផងដែរ។
នាយកា ក្រុមហ៊ុននូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) លោកស្រី កែកុល សោភា បានបញ្ជាក់អំពីទីផ្សារប្រទេសចិន គេត្រូវការម្សៅថ្មក្វាត(Quartz) ហើយលោកស្រីក៏សម្លឹងមើលទីផ្សារនៅប្រទេសអារ៉ាប់រួម និងប្រទេស ITALY បន្ថែមទៀត ។ ទោះជាយ៉ាងណានៅពេលនេះ គេមិនទាន់ប៉ាន់ប្រមាណ អំពីទំហំ ទឹកប្រាក់បានអំពី ការនាំចេញម្សៅថ្មក្វាត(Quartz)
ទៅកាន់ប្រទេសចិននៅឡើយ ។
ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) គឺជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាតែមួយគត់ ដែលទទួលសិទ្ធិ វិនិយោគ ម្សៅថ្មហ្វាតពីក្រសួងរ៉ែ និងថាមពល ក្នុងកំឡុងឆ្នាំ២០២៣ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
បើតាមលោកស្រីនាយិកា បានបញ្ជាក់ថា ៖ ក្រុមហ៊ុនបានបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់ចំនួន ៩ លានដុល្លារ សម្រាប់ការសាងសង់រោងចក្រ និងផលិតម្សៅថ្មក្វាត(Quartz) សម្រាប់នាំចេញ ។ លោកស្រី កែកុល សោភា បញ្ជាក់ទៀតថា ៖ ម្សៅថ្មក្វាត(Quartz) មានតែក្នុងខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ធ្លាប់បានលើកឡើងថា ថ្មក្វាត(Quartz) គឺជាប្រភេទរ៉ែដ៏កម្រមួយ របស់កម្ពុជាដែលអាចយកទៅកែច្នៃ ដើម្បីផលិតថ្មម៉ាបជា សិប្បនិម្មិតលក់បានថ្លៃទៅលើទីផ្សារអន្តរជាតិ ។
លោករដ្ឋមន្ត្រីលើកឡើងថា ៖ ម៉ាបសិប្បនិម្មិត ផលិតចេញអំពី ម្សៅថ្មក្វាត(Quartz) អាចយកទៅតុបតែងនៅក្នុងយន្តហោះ និងទូកប្រណិតៗផងដែរ ពីព្រោះវាមិនជាំទឹក និងមិនជ្រាបទឹក ។ ជាមួយគ្នានេះលោកស្រី កែកុល សោភា នាយិកា ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) បានអះអាងថា ការនាំម្សៅថ្មក្វាត(Quartz) ទៅកាន់ផ្សារអន្តរជាតិគឺប្រទេសចិន គ្រាន់តែជាការនាំចេញបណ្ដោះអាសន្នតែប៉ុណ្ណោះ ពីព្រោះថាលោកស្រីត្រូវការដៃគូ ដើម្បីបង្កើតរោងចក្រមួយនៅក្នុងប្រទេសកម្ពុជា ក្នុងការផលិតថ្មម៉ាបសិប្បនិម្មិត ក្នុងប្រយោជន៍ផ្គត់ការផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
លោកស្រីបានសង្កត់ធ្ងន់ថា ៖ ការនាំចេញផលិតផលពាក់កណ្ដាលសម្រេចទៅកាន់ ទីផ្សារក្រៅប្រទេសគឺជារឿង គួរឱ្យសោកស្ដាយ បើយើងបង្កើតរោងចក្រថ្មម៉ាបនៅកម្ពុជា គឺយើងអាចបង្កើតការងារស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋក្នុងស្រុក ឲ្យមានការងារធ្វើ បានកាន់តែច្រើនដើម្បីជួយសម្រួលដល់ស្ថានភាពជីវភាពការរស់នៅរបស់ពួកគាត់។
បច្ចុប្បន្ននេះលោកស្រីបានប្រើប្រាស់កម្មករប្រមាណជាង ៦០ នាក់ ដែលពួកគាត់មានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យ។
សូមជម្រាបថា ៖ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកស្រី កែកុល សោភា មានមហ្ឆិតា ចង់បង្កើតម៉ាបសិប្បនិម្មិតនៅក្នុងប្រទេស ហើយលោកស្រីក៏បានធ្វើការទំនាក់ទំនងជាមួយនឹងដៃគូវិនិយោគ រហូតដល់គេប្រុងប្រៀងដាក់ទុនវិនិយោគ ម្សៅថ្មម៉ាបនៅប្រទេសកម្ពុជា។ ប៉ុន្តែគេតម្រូវឲ្យយើង ត្រូវធ្វើការសិក្សាបន្ថែម តើទំហំបរិមាណថ្មក្វាត(Quartz) តើវាមានច្រើន ឬអត់ ! បើច្រើនក្រុមដៃគូវិនិយោគគេនឹងបណ្ដាក់ទុនរកស៊ីជាមួយយើង។ លោកស្រីបន្តថា ៖ ក្រុមហ៊ុនរបស់គាត់ បានស្នើទៅក្រសួងរ៉ែនិងថាមពល ក្នុងនោះក្រសួងរ៉ែនិងថាមពលបានលើកទឹកចិត្ត ដែលបានផ្ដល់ជាគោលការណ៍អនុញ្ញាតឲ្យ ក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.
) ធ្វើការសិក្សា អំពីថ្មក្វាត(Quartz) ស្ថិតនៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ននេះក្រុមហ៊ុនក៏បានដាក់ពាក្យស្នើសុំនេះ ទៅក្រសួងបរិស្ថាន ដើម្បីមានការឯកភាពពីក្រសួងបរិស្ថាន ក្នុងការសិក្សាថ្មក្វាត(Quartz) នេះបន្ថែមដែរ ឲ្យបានឆាប់ដើម្បីទាក់ទាញអ្នកវិនិយោគមកដាក់ទុន រកសុីនៅប្រទេសកម្ពុជាយើង។
លោកស្រី កែកុល សោភា បានបញ្ជាក់ថា ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ពាក្យទៅក្រសួងបរិស្ថាន ក្រសួងបរិស្ថានក៏បាន ចាត់មន្ត្រីរបស់ខ្លួនទៅពិនិត្យនៅលើទីតាំង ដើម្បីផ្ដល់គោលការណ៍ឯកភាព។ ប៉ុន្តែរហូតមកដល់ពេលនេះក្រសួងបរិស្ថានមិនទាន់ បញ្ជាក់ថាយ៉ាងណានៅឡើយទេ។ ប៉ុន្តែជាសំណូមពររបស់លោកស្រី នាយិកាក្រុមហ៊ុន នូរី ត្រេឌីង & អុិនវេសមុិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) ខាងលើ បានបញ្ជាក់ថាស្នើសុំឲ្យក្រសួងបរិស្ថានផ្ដល់ការគាំទ្រ ផ្ដល់គោលការណ៍ឯកភាពសិក្សា ឱ្យបានឆាប់ ដើម្បីលើកទឹកចិត្តដល់ដៃគូអ្នកវិនិយោគ បន្ថែមទុនទាំងការសិក្សា និងធ្វើការវិនិយោគ ឱ្យមានសក្តានុពល ក្នុងប្រទេសកម្ពុជាយើងនាពេលខាងមុខ ៕
ដោយ៖ សិលា