ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាផ្តល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យ ប្រកបគុណភាព កុំមានការរើសអើងចំពោះអ្នកជំងឺ ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ដែលទាំងនេះ គឺសុទ្ធតែជាលក្ខខ័ណ្ឌចាំបាច់ និងមិនអាចខ្វះបាន សម្រាប់ចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា មិនត្រឹមតែកត្តាវឌ្ឍនភាព និងការផ្តល់សេវាបានល្អនោះទេ ប៉ុន្ដែវាថែមទាំងលើកកម្ពស់ភាពជឿជាក់របស់ប្រជាជនចំពោះវិស័យសុខាភិបាលផងដែរ។ មន្ត្រីសុខាភិបាល ត្រូវធ្វើឱ្យអ្នកជំងឺទទួលបានភាពកក់ក្តៅ ដូចប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រូពេទ្យមានតួនាទីធ្វើការជំនួសទេវតា។
លោក រដ្ឋលេខាធិការ ក៏បានជំរុញដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវមានឥរិយាបថសមរម្យ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ដោយពេលប្រាស្រ័យទាក់ទងអ្នកមករកសេវា ត្រូវឈរលើគោលការណ៍បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ និងស្មារតីភ្ញាក់រឭកខ្ពស់ ហើយត្រូវចាំទុកថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ។ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវចាត់ទុកអ្នកជំងឺជាជនរងគ្រោះដែលចាំបាច់ត្រូវតែទទួលបាននូវការសង្គ្រោះជីវិត ការព្យាបាល និងការថែទាំសុខភាព ដោយយកចិត្ដទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យពួកគាត់មានសេចក្ដីសង្ឃឹមក្នុងជីវិត និងកាន់តែមានជំនឿទុកចិត្ដ ភាពកក់ក្ដៅ និងការដឹងគុណ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដ បានឱ្យដឹងថា ខេត្តសៀមរាប មានការិយាល័យចំណុះចំនួន៥ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤កន្លែង មានតួនាទីអភិវឌ្ឍគោលដៅស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ក្នុងឆ្នាំ២០២៤កន្លងទៅ មូលដ្ឋានសុខាភិបាលផ្តល់សេវាក្នុងខេត្តជារួមមាន មន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កម្រិត៣ មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កម្រិត២ ចំនួន៤ មណ្ឌលសុខភាពចំនួន៩៣ ប៉ុស្តិ៍សុខភាពចំនួន២ និងមានគ្រែអ្នកជំងឺសរុប ៨១៥គ្រែ។ ជាមួយគ្នានេះ ខេត្តសៀមរាបមានមន្ទីរពេទ្យចំនួន៣ផ្សេងទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែសម្រាកព្យាបាលចំនួន ១ ១៦៩គ្រែ មន្ទីរពេទ្យកុមារអង្គរមាន ១០០គ្រែ និងមន្ទីរពេទ្យយោធភូមិភាគ៤ មាន៥០គ្រែ ដែលបាននិងកំពុងផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺយ៉ាងសកម្មជូនប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ប្រជាជនគ្រប់រូបទទួលបានសិទ្ធិព្យាបាលជំងឺនៅសេវាសាធារណៈស្មើៗគ្នា តាមរយៈការប្រើប្រាស់បណ្ណមូលនិធិសមធម៌ បណ្ណបេឡាជាតិសន្តិសុខសង្គម និងការលើកលែងថ្លៃព្យាបាលដោយមូលដ្ឋានផ្តល់សេវាផ្ទាល់ផងដែរ។ យ៉ាងនេះក្ដី យើងសង្កេតឃើញថា យើងនៅមានចំណុចខ្វះខាតមួយចំនួន ដូចជាការប្រាស្រ័យទាក់ទង ការបដិសណ្ឋារកិច្ច អាកប្បកិរិយាមន្ត្រីផ្តល់សេវាជាមួយអ្នកជំងឺ ការថែទាំ និងព្យាបាលអ្នកជំងឺនៅមិនទាន់បានល្អគ្រប់ជ្រុងជ្រោយនៅឡើយ។ ពោលគឺគ្រូពេទ្យមួយចំនួនតូច មិនបានគោរពកាតព្វកិច្ចការងារជាគ្រូពេទ្យ ជាអ្នកជួយសង្គ្រោះអ្នកជំងឺនៅឡើយ ហើយនៅមានបញ្ហាមួយចំនួនទៀតដែលនឹងត្រូវពិនិត្យ និងពិភាក្សាតាមរយៈអង្គសន្និបាត ដើម្បីកែតម្រូវ និងជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មី បន្ថែមពីលើកម្មវិធីយុទ្ធសាស្ត្រក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះ សម្រាប់បន្តអនុវត្ដក្នុងឆ្នាំ២០២៥ និងឆ្នាំខាងមុខទៀត៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប