ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ចំនួន ០៤ នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៤ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខបន្ទប់ជួលមិនចាំលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១១ នៃក្រម ព្រហ្មទណ្ឌកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ៣០ នាទី មានក្រុមក្មេងទំនើងចំនួន ០២ ក្រុម មាន ក្រុមក្មេងទំនើងទី១ ជាក្រុមគ្មានឈ្មោះ មានគ្នាចំនួន ០៦ នាក់ បានធ្វើសកម្មភាពនាំគ្នាជិះម៉ូតូទៅរកក្រុមក្មេងទំនើងទី២ ដែលមានរហស្សនាមថា ក្រុមBBT នៅចំណុច ក្នុងផ្សារបឹងបៃតង ដែលក្រុមទាំងពីរនោះធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក។ បន្ទាប់មកនៅវេលាម៉ោង ២២ និង ០០ នាទី ក្រុមក្មេងទំនើងទី២ មានរហស្សនាមថា ក្រុមBBT មានគ្នាចំនួន ១២នាក់ ប្រដាប់ដោយកាំបិត ដាវ និងដុំថ្ម បានជិះម៉ូតូចំនួន ០៤ គ្រឿង មកធ្វើសកម្មភាពដកដាវគំរាម និងយកដុំថ្មគប់ទៅលើក្រុម ក្មេងទំនើងទី១ ហើយក្រុមក្មេងទំនើងទី១ បានយកកាំបិតផ្គាក់ចំនួន ០១ ដើម កាំបិតប៉័ងតោចំនួន ០១ ដើម ដុំថ្មចំនួន ០២ ដុំ ធ្វើសកម្មភាពកាប់ និងគប់ទៅលើក្រុម BBT វិញ តែមិនបណ្តាលឱ្យមានភាគីណាមួយរងរបួសនោះទេ។ ក្រោយមក បក្ខពួកនៃក្រុមក្មេងទំនើង BBT បានជិះម៉ូតូមួយគ្រឿងម៉ាកនិច រួចក៏បានរេចង្កូតនិងដួលទៅលើផ្លូវ ហើយភ្លាមនោះបក្ខពួក ដែលបានដួលម៉ូតូនោះក៏បានរត់ឡើងទៅជិះម៉ូតូផ្សេងទៀតគេចខ្លួនបាត់ទៅ ឃើញដូច្នេះក្រុមក្មេងទំនើងទី១ ក៏បាននាំគ្នា ប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើម៉ូតូរបស់ក្រុមក្មេងទំនើង BBT បណ្តាលឱ្យខូចខាតយ៉ាងខ្លាំង នៅចំណុចមុខបន្ទប់ជួល មិនចាំលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ២២ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤ នាក់ ១.ឈ្មោះ វ៉ាន សុខា ភេទប្រុស ២.ឈ្មោះ រ៉េត រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ សាវឿន ភារុន ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ ស៊ុន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ដកហូតបានវត្ថុតាង ១.កាំបិតផ្គាក់ចំនួន ០១ ដើម ២.កាំបិតប៉័ងតោចំនួន ០១ ដើម និង ៣.ម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1CS-8990។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធ នឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះត្រូវបញ្ជូនទៅស៊ើបសួរក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖