ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ និងក្រុមគ្រួសារ​ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារនៃសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទីទៀបភ្លឺដោយរោគាពាធ។ យើងខ្ញុំសូមបួងសួងសូមដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ា បានទៅកាន់សុគតិភព និងឆាប់យោនយកកំណើតសាជាថ្មី។ 

ការទទួលមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ជាការបាត់បង់ដ៏ធំធេង នូវបងប្រុស បិតា បិតាក្មេក ឪពុកធំ និងជីតាប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រលាញ់ ដែលកន្លងមកបានចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងបណ្តុះបណ្តាលបញ្ញាស្មារតីដល់ប្អូនៗ កូនៗ ក្មួយៗ ចៅៗ ឱ្យមានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានដ៏ឧត្តុង្គឧត្តមនៅក្នុងសង្គម។ មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ នេះ ជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលមានគុណូបការៈដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ ដែលពេញមួយជីវិតរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់គ្រប់បែបយ៉ាង ដើម្បី រួមចំណែកបម្រើឧត្តមប្រយោជន៍ជូន ជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងបំផុតនេះ ខ្ញុំបាទសូមគោរពអនុញ្ញាតសម្តែង នូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក និងសូមធ្វើអភិវន្ទនកិច្ចចូលរួមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តម មេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវមនោសញ្ចេតនាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ៖ តារា


ចែករំលែក៖