ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តដឹកឥដ្ឋងោកមួយភាំងរេចង្កូតបុករះសួនច្បារបាក់កូនឈើ ប៉ាណូនិងបង្គោលភ្លើងគោមរាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងអ្នកបើកបរអះអាងថា ងោកមួយភាំងបានរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវបុករះកូនឈើ,ប៉ាណូផ្សាយពាណិជ្ចកម្ម និងបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់រាបដល់ដីរថយន្តទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥នៅតាមមហាវិថីឈ្នះឈ្នះ នៅមុខវត្តអង្គប្រពើ  ក្នុងភូមិត្រពាំងវែង   សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

រថយន្តដែលកើតមានគ្រោះថ្នាក់នោះម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3G-5147បើកបរដោយឈ្មោះ ហាក់ គឹមហួរ អាយុ២៤ ឆ្នាំស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងមកត្បូង។ នៅពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តជ្រុលចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវបុករះកូនឈើរលើងទាំងឬសអស់៤ដើម បង្គោលផ្លាកប៉ាណូផ្សាយពាណិជ្ចកម្មរលើង១ដើមនិងបុកបង្គោលភ្លើងគោមបំភ្លឺផ្លូវបាក់រាបដល់ដីហើយរថយន្តបានជាប់ទៅមុខលែងរួច ហើយឥដ្ឋធ្លាក់នៅរាយប៉ាយពេញផ្លូវ។

អ្នកបើកបររថយន្តបានអោយដឹងថា ដោយសារគាត់ងងុយដេកងោកមួយភាំងបានរេចង្កូតឡើងសួនច្បារ។នៅមុនពេលកើតហេតុគាត់បានរៀបឥដ្ឋចំនួន១ម៉ឺនដុំដឹកពីព្រែកអញ្ចាញយកទៅដាក់អោយមូយនៅរាជធានីភ្នំពេញនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានជួបគ្រោះថ្នាក់តែម្ដង។ 

បន្ទាប់ពីគ្រោះថ្នាក់នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងទៅនគរបាលចរាចរណ៍ចុះមកនាំយករថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖