ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ខោសំពត់សម្លុយ

ចែករំលែក៖

នៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល ក្រោយថ្ងៃរំដោះ ១៧ មេសាឆ្នាំ ១៩៧៥ លោក គង់សំអឿន និងប្រពន្ធរបស់គាត់ទាំងពីរនាក់ និងលោកគង់ សំអាត ប្រពន្ធកូនបងប្អូននិងពុកម៉ែរបស់គាត់បានបើករថយន្តមកផ្ទះរបស់ខ្ញុំ។ ពួកគាត់ត្រូវជាសាច់ញាតិយាយរបស់ខ្ញុំ។ ល្ងាចឡើងលោកគង់សំអឿននិងប្រពន្ធរបស់គាត់ទាំងពីរនាក់បានសម្រាន្តនៅលើផ្ទះរបស់ខ្ញុំ។ ចំណែកឯលោក គង់ សំអាត ប្រពន្ធកូន និងពុកម៉ែរបស់គាត់ ទៅសម្រាន្តនៅផ្ទះយាយរបស់ខ្ញុំ ។ ក្រោយមកលោក គង់ សំអឿន និងប្រពន្ធរបស់គាត់រួមទាំងក្រុមគ្រួសារដទៃទៀតដែលរស់នៅទីនោះ ត្រូវជម្លៀសបន្តទៅមុខទៀត។

 * ជីវិតរបស់ខ្ញុំនៅកងកុមារ :

   ខ្ញុំកើតនៅឆ្នាំ ១៩៧០។ នៅក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបានអង្គការបញ្ជូនឲ្យទៅនៅកងកុមារ។ ថ្ងៃមួយ ខ្ញុំបានលួចរត់ពីកងកុមារត្រឡប់មកផ្ទះវិញ ព្រោះនៅក្នុងកងកុមារខ្ញុំហូបមិនដែលឆ្អែតទេហើយខ្ញុំនឹកពុកម៉ែណាស់។ ពេលដែលខ្ញុំរត់ចេញពីកងកុមារ ខ្ញុំបានជួបមិត្តផលនៅតាមផ្លូវដោយចៃដន្យ។ មិត្តផលប្រាប់ខ្ញុំថាគាត់មិនដែលចូលផ្ទះទេ។ពេលនោះដែរ មិត្តផលបានបបួលខ្ញុំទៅលួចបេះល្ហុង។ ខ្ញុំយល់ព្រមទៅលួចល្ហុងជាមួយមិត្តផល ព្រោះពេលនោះខ្ញុំឃ្លានពេក។ មិត្តផលជំនាញណាស់ខាងដើមឈើ។ មិត្តផលបានប្រាប់ខ្ញុំថា បើគាត់បេះផ្លែល្ហុងទម្លាក់ចុះមកឲ្យខ្ញុំហើយនោះ  ខ្ញុំត្រូវតែឆាប់រត់ទៅកាន់ព្រៃឫស្សីភ្លាម។ មែនគ្រាន់តែមិត្តផលទម្លាក់ផ្លែល្ហុងដល់ដៃភ្លាម ខ្ញុំរត់យ៉ាងលឿនចូលទៅក្នុងព្រៃ។ កងឈ្លបបានឃើញខ្ញុំហើយស្រែកថា តើអ្នកណាបេះផ្លែល្ហុង?រួចកងឈ្លបបានរត់ទៅតាមចាប់ខ្ញុំ ប៉ុន្តែកងឈ្លបនោះដេញពួកខ្ញុំមិនទាន់ទេ ព្រោះពួកខ្ញុំរត់លឿនណាស់។មិត្តផលស្ទាត់ខាងលួចណាស់ប្រៀបដូចជាសត្វស្វាអ៊ីចឹង។ មិត្តផល រស់នៅតែក្នុងព្រៃហូបតែស្លឹកឈើ លួចដកសណ្ដែកដីហូបនិងជួនពេលខ្លះមិត្តផលមកលួចប្រហុកដែលម្ដាយរបស់គាត់យកទៅដោះដូរនៅផ្ទះយកទៅជ្រលក់ជាមួយពពាយហូបជាអាហារ។ ខ្ញុំបានដើរតាមមិត្តផលដោយមិនចូលផ្ទះអស់ចំនួនពីរយប់។ ខ្ញុំគ្មានអ្វីហូបទេ ហើយខ្ញុំនឹកម៉ែនិងពុករបស់ខ្ញុំណាស់។ ខ្ញុំបានសម្រេចចិត្តត្រឡប់មកផ្ទះវិញពេលយប់ ព្រោះខ្ញុំគិតថាគ្មាននរណាអាចមើលខ្ញុំឃើញទេពេលដែលខ្ញុំធ្វើដំណើរនៅតាមផ្លូវ។ ម៉ែពុករបស់ខ្ញុំត្រឡប់មកពីធ្វើការងារវិញ គាត់បានស្ងោរដំឡូងមីឲ្យខ្ញុំហូបព្រោះខ្ញុំគ្មានបាយហូបនោះទេ។ រំពេចនោះយើងបានឮសូរសំឡេងរបស់មិត្តរ៉ា និងសមមិត្តភ័ក្រ បានស្រែកពីខាងក្រោមផ្ទះរបស់ខ្ញុំថា មីងវឿន ពូរ៉េត ខ្ញុំមកយកកូនពូ អាសារឿន ទៅនៅកងកុមារវិញ។ គ្រាន់តែឮសំឡេងខ្ញុំភ័យឡើងញ័រដៃ ញ័រជើង។ ស្របពេលនោះសមមិត្តទាំងពីរបានឡើងមកលើផ្ទះរបស់ខ្ញុំ។ ខ្ញុំស្ទុះទៅបើកទ្វារក្រោយ រួចចុះទៅខាងក្រោមផ្ទះ ហើយបើកទ្វារឡានពណ៌ខៀវរបស់ពូ គង់ សំអឿន ដែលយកមកចតចោល ពួនកុំឲ្យសមមិត្តទាំងពីរនាក់នោះរកខ្ញុំឃើញ។ ការលាក់ខ្លួនរបស់ខ្ញុំមិនបានសម្រេចនោះទេ។ សមមិត្តរ៉ា បានបើកទ្វារឡានទាញខ្ញុំចេញពីរថយន្ត។ គាត់បានប្រឹងប្រលេះដៃខ្ញុំដែលកំពុងតែទាញឡានចេញ។ ខ្ញុំក្រាញននៀលយំស្រែក មិនព្រមទៅទេ។ ម៉ែពុករបស់ខ្ញុំបានមកដល់ឡានយំខ្សឹកខ្សួលមិនមានពាក្យអ្វីក្រៅពីទឹកភ្នែកស្រក់ចុះ។ ខ្ញុំមើលមុខម៉ែរបស់ខ្ញុំហើយគិតថា ហេតុអ្វីម៉ែរបស់ខ្ញុំមិននិយាយថា លែងកូនខ្ញុំទៅ? ប៉ុន្តែខ្ញុំបែរជាឮសមមិត្តរ៉ានិយាយថា មីងវឿន ពូរ៉េតម៉េចមិនមកជួយចាប់បញ្ជូនកូនទៅឲ្យអង្គការទេឬ? មីងឯងចង់ងាប់មួយពូជឬ? ដឹងស្រាប់ហើយអង្គការយើង គឺហូបរួម ដេករួម និងធ្វើការងាររួម ហើយទ្រព្យសម្បត្តិទាំងអស់ជារបស់អង្គការ គឺគ្មានកម្មសិទ្ធិបុគ្គលនោះទេ។ ម៉ែរបស់ខ្ញុំបានជួយប្រលេះដៃរបស់ខ្ញុំដែលប្រឹងទាញនឹងពូកឡានដើម្បីបញ្ជូនខ្ញុំឲ្យទៅកងកុមារវិញទាំងយប់។ ខ្ញុំស្រែកយំខ្លាំងៗណាស់។ សមមិត្តភ័ក្របានអូសដៃខ្ញុំ ចំណែកខ្ញុំវិញមិនព្រមទៅទេ។ សមមិត្តទាំងពីរនាក់បានអូសដៃខ្ញុំម្នាក់ម្ខាងរហូតដល់របងក៏បានទាត់ខ្ញុំម្នាក់មួយជើងយ៉ាងខ្លាំង។ ខ្ញុំខំដើរទ្រេតទ្រោតតាម ព្រោះសមមិត្តទាំងពីរនាក់នោះបានស្រែកថា បើមិនដើរតាមអញទេ អញទាត់អ្ហែងឲ្យងាប់អាសារឿន។ ខ្ញុំខំដើររហូតដល់កងកុមារទាំងឈឺខ្លួនហើយក៏ដេកលង់លក់ទៅ។ ស្អែកឡើងប្រធានកងបានដាក់ផែនការឲ្យចាប់កណ្ដុរក្នុងម្នាក់ឲ្យបាន ១០ក្បាលដើម្បីកុំឲ្យកណ្ដុរស៊ីស្រូវ។ កុមារគ្រប់គ្នាត្រូវមានដំបងនិងកង្វារដើរពេញស្រែដើម្បីដេញចាប់កណ្ដុរ ហើយដើរលូករន្ធគ្រប់ទីកន្លែង។ ខ្ញុំបានលូកទៅចំរន្ធពស់វែកឮសូរសំលេង ឈីត ឈីត ។ ខ្ញុំគ្រាន់តែឃើញពស់នោះ ខ្ញុំរត់មិនងាកក្រោយឡើយ។ ខ្ញុំរត់អស់មួយស្របក់រួចខ្ញុំបានស្ទាបកណ្ដុរដែលខ្ញុំចាប់បានដាក់នៅចង្កេះនោះ។ ខ្ញុំនៅខ្វះកណ្ដុរចំនួនពីរក្បាលទៀតទើបគ្រប់ចំនួនដែលមេកងកំណត់ឲ្យរក។ ខ្ញុំមិនដឹងធ្វើម៉េច ហើយជិតដល់ម៉ោងទៀត ខ្ញុំបានវះពោះកណ្ដុរដែលចាប់បាននោះមើលក្រែងមានកូនក្នុងពោះ។ សំណាងណាស់កណ្ដុរនោះមានកូនក្នុងពោះចំនួនពីរក្បាលគ្រប់ល្មមសម្រាប់ខ្ញុំយកទៅបង្ហាញមេកង។ បន្ទាប់មកខ្ញុំបានទៅរោងហូបបាយជុំគ្នា បានក្រាលកន្ទេលស្លឹកត្នោតទ្រាប់អង្គុយ។ បន្ទាប់ពីហូបបាយរួចហើយ ខ្ញុំបានដួសទឹកពាងថ្លាឆ្វង់ដែលមានដាក់ផ្តឹលនៅជិតនោះផឹកមួយឆ្អែត និងទៅមុជទឹកត្រពាំងនៅក្បែររោងស្នាក់រួចដេកជុំគ្នាលើកន្ទេលស្លឹកត្នោត។

ភ្លឺឡើងកុមារក្នុងរោងទាំងអស់បានរៀបចំចេញដំណើរទៅរកចាប់កណ្ដុរតាមវាលស្រែដូចរាល់ថ្ងៃ។ ថ្ងៃនេះ ខ្ញុំបានឆ្កែមួយក្បាលឈ្មោះអាខ្មៅ ដែលនៅរោងបាយរត់តាមខ្ញុំ។ វារត់លឿន ហើយពូកែហិតរន្ធកណ្ដុរណាស់។ នៅពេលមានរន្ធ អាខ្មៅក៏ព្រូស រួចខ្ញុំរត់ទៅរកតាមកន្លែងដែលឆ្កែព្រូសនោះហើយចាប់បានកណ្ដុរច្រើនណាស់។ ថ្ងៃត្រង់មកដល់កុមារទាំងអស់នាំគ្នាទៅហូបបាយ។ បន្ទាប់ពីហូបបាយរួចខ្ញុំបានដើរប្រមូលបាយ និងទឹកសម្លសល់នៅតាមតុចាក់ឲ្យអាខ្មៅស៊ី។ អាខ្មៅអត់ស៊ីទេ ព្រោះនៅក្នុងនោះមានតែទឹកសម្ល និងបាយ៧ ឬ ៨ គ្រាប់តែប៉ុណ្ណោះ។ នៅពេលគេឃើញដូច្នេះ គេក៏ប្រាប់ប្រធានសហករណ៍ភ្លាម។ រំពេចនោះប្រធានសហករណ៍ឈ្មោះសមមិត្តរុំបានដើរមកដល់ ហើយចង្អុលមុខខ្ញុំទាំងកំហឹង ថែមទាំងស្រែកគំហកដាក់ខ្ញុំថា អ្ហែងបំផ្លាញអង្គការ មិនចាំបាច់ទៅចាប់កណ្ដុរទៀតទេ។ នៅទីនេះហើយ អ្ហែង រង់ចាំទូកមកដឹកទៅកោះគរ។ (នៅមានត)


ចែករំលែក៖