ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុប សហការជាមួយ UNICEF និងអង្គការ GPE ផ្តល់ជំនួយសម្ភារសិក្សាដល់កុមាររងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានទទួលជួបសម្ដែងការគួរសម និងការប្រគល់និងទទួលតង់ដែលមានគុណភាពខ្ពស់ កញ្ចប់សម្ភារៈសិក្សាពេញលេញ (SIB) និងកញ្ចប់សម្ភារៈសម្រាប់ការសិក្សានៅផ្ទះ (HLP) ឧបត្ថម្ភដោយមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) ដឹកនាំដោយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប និងលោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦​ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនិងការប្រគល់និងទទួលនេះរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្លោះព្រំដែន ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅនិងការសិក្សារបស់កុមារ និងស្ត្រីនៅក្នុងខេត្តចំនួនបីរួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ គោលបំណងចម្បងគឺដើម្បីធានាថាកុមារដែលរងគ្រោះនិងផ្លាស់ទីលំនៅ នៅតែអាចបន្តការសិក្សាទោះស្ថិតនៅក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។

ក្នុងឱកាសនេះ លោក Bryan Fornari បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់ ដោយលោកបានរំឭកអំពីបទពិសោធដែលបានជួបជាមួយគ្រួសាររងគ្រោះដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលពួកគេត្រូវបង្ខំចិត្តផ្លាស់ទីលំនៅជាញឹកញាប់ ដែលបង្កជាផលវិបាកដល់ការរស់នៅនិងការសិក្សារបស់កុមារ។ ក្នុងន័យនេះ លោកប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហានេះ ហើយបង្ហាញជំហរក្នុងការបន្តភាពជាដៃគូដ៏រឹងមាំនេះដើម្បីផ្តល់ការគាំទ្រដល់អ្នកដែលត្រូវការបំផុត និងសង្ឃឹមថាគ្រូបង្រៀននិងសិស្សានុសិស្សដែលរងផលប៉ះពាល់នឹងអាចប្រើប្រាស់សម្ភារៈទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមលើនេះ លោកបណ្ឌិត Will Parks បានលើកឡើងពីសារៈសំខាន់នៃតង់ដែលមានគុណភាពខ្ពស់ និងកញ្ចប់សម្ភារៈសិក្សាដែលជាឧបករណ៍ដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជម្លោះព្រំដែនសម្រាប់គ្រូបង្រៀននិងសិស្សានុសិស្ស ដោយយើងអាចនឹងត្រូវការសម្ភារៈបែបនេះបន្ថែមទៀតនាពេលអនាគត ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ស្ថានភាពណាមួយដែលអាចកើតឡើង។ ជាមួយគ្នានេះ លោកបណ្ឌិតតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានសហការគ្នាយ៉ាងល្អប្រសើរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការយូនីសេហ្វក្នុងការស្វែងរក និងផ្តល់ការគាំទ្របន្ថែមទៀតដើម្បីធានាថាគ្រប់កុមារកម្ពុជាទាំងអស់នៅតែអាចបន្តការសិក្សាបានទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាកិច្ចឆ្លើយតប លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីសំណាក់សហភាពអឺរ៉ុប អង្គការយូនីសេហ្វ និងដៃគូអភិវឌ្ឍន៍ដទៃទៀត តាមរយៈមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) នេះ ដែលបានផ្តល់ជំនួយចំគោលដៅដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ ក្រសួងមានផែនការក្នុងការកសាងអគារសិក្សាថ្មីជាអចិន្ត្រៃយ៍សម្រាប់សាលាដែលរងផលប៉ះពាល់ ប៉ុន្តែគឺត្រូវការពេលវេលា ដូច្នេះតង់ដែលមានគុណភាពខ្ពស់ទាំងនេះនឹងប្រើប្រាស់ជាថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីកុំឱ្យការរៀនសូត្ររបស់សិស្សត្រូវខកខាន។ ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងថ្លែងអំណរគុណចំពោះមិត្តភាពនិងកិច្ចសហការដ៏ល្អដែលតែងតែនៅកៀកកិតជាមួយកម្ពុជាក្នុងការកសាងប្រព័ន្ធអប់រំមួយដែលរឹងមាំ និងមានសមត្ថភាពឆ្លើយតបបានរហ័សចំពោះវិបត្តិនានា។

សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប (EU) អង្គការយូនីសេហ្វ (UNICEF) និងដៃគូអភិវឌ្ឍន៍ដទៃទៀត សម្ភារៈសំខាន់ៗត្រូវបានប្រគល់ជូនខេត្តទាំង៣ (ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ) រួមមាន៖

-តង់ដែលមានគុណភាពខ្ពស់ចំនួន ២០៖ សម្រាប់ប្រើប្រាស់ជាថ្នាក់រៀនបណ្តោះអាសន្ននៅតាមសាលារៀនចំនួន១៥ និងនៅតាមទីតាំងដែលប្រជាពលរដ្ឋផ្លាស់ទីលំនៅ។

-កញ្ចប់សម្ភារៈសិក្សាពេញលេញ (School-in-a-Box) ចំនួន ២០០៖ សម្រាប់ជួយដល់គ្រូបង្រៀនក្នុងការបង្រៀននៅតាមទីតាំងបណ្តោះអាសន្ន។

-កញ្ចប់សម្ភារៈសិក្សានៅផ្ទះ (Home Learning Packages) ចំនួន ៣២,៣៦៨៖ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៣ ដើម្បីបន្តការរៀនសូត្រដោយខ្លួនឯង៕ដោយ​៖តារា​


ចែករំលែក៖