ហ្សឺណែវ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងការជជែកពិភាក្សាក្រោមរបៀបវារៈទី៨៖ ការតាមដាន និងការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពក្រុងវីយ៉ែន (VDPA)។
លោក អុិន តារា ឯកអគ្គរាជទូត បញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងក្របខណ្ឌច្បាប់ និងស្ថាប័ន ដើម្បីធានាការទទួលបានសិទ្ធិមនុស្សទាំងអស់គ្នា ក្រោមផែនការសកម្មភាព VDPA។ ផែនការសកម្មភាព VDPA គឺជាមូលដ្ឋានគ្រឹះសម្រាប់ការសន្ទនាបន្ត កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងកិច្ចខិតខំប្រឹង ប្រែងជាសាកល ដើម្បីលើកកម្ពស់ និងការពារសិទ្ធិ មនុស្ស។ នៅពេលដែលប្រទេសនានាកំពុងអនុវត្តផែនការសកម្មភាពនេះ គឺជាការចាំបាច់ក្នុងការជំរុញការអភិវឌ្ឍ និងយុត្តិធម៌រួម ទន្ទឹមគ្នានឹងការលើកកម្ពស់នីតិរដ្ឋ និងការធានានូវការរួមបញ្ចូលសិទ្ធិមនុស្សទៅក្នុងគោលនយោបាយជាតិ និងក្របខ័ណ្ឌច្បាប់។
កម្ពុជាបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ដើម្បីធានាថា ពលរដ្ឋទាំងអស់ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ទទួលបានសិទ្ធិ និងសេរីភាពពេញលេញ។ វិធានការនានាត្រូវបានធ្វើឡើងក្នុងការលើកកម្ពស់នីតិរដ្ឋ សិទ្ធិទទួលបានយុត្តិធម៌ និងការធ្វើសមាហរណកម្មសិទ្ធិមនុស្សទៅក្នុងគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នដែលមិនទុកចោលនរណាម្នាក់៕
ដោយ៖ សូរិយា