ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ (សង្ខារមិនទៀងតែការស្លាប់គឺទៀង)​ បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ​ បើទោះមិនចង់ទទួលក៏ត្រូវតែ​ ទទួលយកការពិតនេះដែរ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ថា៖ (សង្ខារមិនទៀងតែការស្លាប់គឺទៀង)​ បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ​ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។

សម្តេចតេជោ​ បានថ្លែងបន្តថា​ បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាព​ ដើម្បីព្យាបាលបងទីមួយ។

ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ​ ព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។

១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​ លើកនេះពេលបងទី១ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។​ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម​ ធម្មជាតិដែលមិនអាចចៀសវាងបាន៕

ដោយ​៖ តារា​


ចែករំលែក៖