ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការនយោបាយ យោធភូមិភាគទី២ បានដឹកនាំប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកង ទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ តំបន់ហាណូយ ហៅកាត់ថាសមគមរណសិរ្ស៤៧៩ បានជំរាបជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា លោកនិងប្រតិភូអមដំណើរទាំងអស់មានសេចក្តីរំភើបឥតគណនាបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចំរើន មិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល។
ការលើកឡើងរបស់ឧត្តមសេនីយ៍ទោឡេ មិញគឿក នាពេលនេះ បានធ្វើឡើងគ្រាដែលប្រតិភូនេះ បានមកបំទស្សនកិច្ចនៅកម្ពុជា ហើយតហើយត្រូវបានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន ពិសេសយើងចាំមិនភ្លេចទេ ដែលកងទ័ពប្រជាជនវៀតណាមបានស្ម័គ្រចិត្តជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត ។
ឧត្តមសេនីយ៍ទោឡេមិញគឿក បានថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអនុញ្ញាតឲ្យប្រតិភូចូលជួបសំដែងការគួរសម ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលអាចវាយតំលៃបាន ថា៖ កម្ពុជាពិតជា ព្រះរាជាណាចក្រអច្ឆិរយៈ ដែលខុសគ្នាដាច់ស្រឡះកាលពី៤៦ឆ្នាំកន្លងទៅ ព្រោះពីមុនជាទីវាលពិឃាត និងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបានក្លាយជាប្រទេសជាតិមួយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផងដែរ ។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូមឲ្យកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យផលប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ហើយក៏សុំឲ្យដំណើទេសចរណ៍ទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា របស់ប្រតិភូ ទទួលបានជោគជ័យ ៕
ដោយ៖ សូរិយា