អគារកម្ពស់៣០ជាន់ដែលកំពុងសាងសង់នៅទីក្រុងបាងកកប្រទេសថៃបានដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់និង៨១នាក់នៅខាងក្នុង។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ដោយសារតែនៅមានមនុស្សជាច្រើនជាប់នៅខាងក្នុងគំនរបាក់បែក។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP កងកម្លាំងជួយសង្គ្រោះថៃកំពុងព្យាយាមជួយសង្គ្រោះមនុស្ស ៨១ នាក់ដែលជាប់នៅក្រោមអគារ ៣០ ជាន់ដែលកំពុងសាងសង់ក្នុងទីក្រុងបាងកក ប្រទេសថៃ ភ្លាមៗបានដួលរលំដោយសារតែការរញ្ជួយដី។
ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បានបញ្ជាក់ថា យ៉ាងហោចមានកម្មករ ៣នាក់បានស្លាប់ ខណៈមនុស្សជាច្រើននាក់ទៀតនៅតែត្រូវកប់នៅក្រោមគំនរបាក់បែក។
យោងតាមអធិការរងនគរបាលស្រុក Bang Sue លោក Worapat Sukthai ជនរងគ្រោះជាច្រើននៅតែកំពុងអំពាវនាវរកជំនួយពីខាងក្នុងកន្លែងកើតហេតុ។ លោកប៉ាន់ប្រមាណថា មនុស្សរាប់រយនាក់បានរងរបួស។
ការរញ្ជួយដីបានអង្រួនទីក្រុងបាងកក និងរាលដាលដល់ទីក្រុងឈៀងម៉ៃ ដោយបានបង្ខំឲ្យអ្នកស្រុកដែលភ័យស្លន់ស្លោរត់ចេញពីផ្ទះ និងហាងរបស់ពួកគេ។ ផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងមួយចំនួនត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ។
ប្រទេសថៃបិទសាលារៀន បន្ទាប់ពីគ្រោះរញ្ជួយដី អាជ្ញាធរថៃបានព្រមានប្រជាជននៅក្នុងអគារខ្ពស់ៗឱ្យ “ជម្លៀសចេញជាបន្ទាន់” បន្ទាប់ពីមានការដួលរលំអគារដ៏ធ្ងន់ធ្ងរ។ អគារខ្ពស់ៗដូចជាអគារផ្ទះល្វែង(ខុនដូ) និងមន្ទីរពេទ្យក៏តម្រូវឱ្យធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព និងវាយតម្លៃពីទំហំនៃការខូចខាតរចនាសម្ព័ន្ធ។
រដ្ឋាភិបាលថៃបានបញ្ជាឱ្យបិទសាលារៀនទាំងអស់ទូទាំងប្រទេស ដើម្បីវាយតម្លៃការខូចខាត។ យោងតាមឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai នេះគឺជាបាតុភូត “ដែលមិនធ្លាប់កើតមានក្នុងរយៈពេល 100 ឆ្នាំកន្លងមកនេះ”៕ ដោយ៖ ធីរីណា
រូបថត៖ nation photo