ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្តាយ និងចូលរួមជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុរញ្ជួយដីដែលកើតឡើងនៅរសៀលសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីការកើតឡើងនៃគ្រោះធម្មជាតិនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការសហការជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដើម្បីក្តាប់ព័ត៌មាន និងតាមដានស្ថានភាព។ ជាមួយនឹងការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ក្រុមការងាររបស់កម្ពុជា បានធ្វើការចូលរួមជួយសង្គ្រោះ និងទាក់ទងជាមួយប្រជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងតំបន់ដែលរងគ្រោះ។

សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ  និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅថៃ និងមីយ៉ាន់ម៉ា ដែលត្រូវការជំនួយ ឬមានព័ត៌មានបន្ថែម ទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែតសូមជូនពរដល់បងប្អូនខ្មែរទាំងអស់ដែលស្ថិតនៅក្នុងតំបន់រងគ្រោះ ដើម្បីឲ្យមានសុវត្ថិភាព និងរួចផុតពីគ្រោះថ្នាក់។

គួរឱ្យសោកស្តាយណាស់ ! ប្រទេសមីយ៉ាន់ម៉ា វត្តបុរាណ មន្ទីរពេទ្យ ផ្ទះពលរដ្ឋ អគាររដ្ឋ និងអគារសាធារណៈ ជាច្រើន បានដួល និងបែកបាក់ ដោយសាររញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ 

បើតាមការបញ្ជាក់របស់យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមព្រឹកថ្ងៃទី២៩ នេះ អ្នកស្លាប់នៅមីយ៉ាន់ម៉ា ដោយសាររញ្ជួយដី កើនលើស ១០០០នាក់ និងរបួសច្រើនជាង ២០០០នាក់៕

ដោយ ៖ សិលា


ចែករំលែក៖