ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សួរ និងលោក អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

នៅក្នុងពិធីបុណ្យសព ដែលរៀបចំធ្វើនៅផ្ទះក្រុមគ្រួសារនៃសព ស្ថិតនៅក្នុងភូមិ បាល័ង្គ ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក ហេង សួរ និងលោក អ៊ុំ រាត្រី បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ។

លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក មាស សាវ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

នៅក្នុងឱកាសនោះដែរ លោក ហេង សួរ ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសព រួមទាំងថវិការបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២០លានរៀល, ថវិការបស់លោក អ៊ុំ រាត្រី ចំនួន ២លានរៀល, ថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ចំនួន ១៥លានរៀល, ថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀល ផងដែរ។ 

សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ, អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ, ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានសម្របសម្រួលសាច់ញាតិទៅទទួលសព ដើម្បីយកមកធ្វើពិធីបុណ្យតាមប្រពៃណីសាសនានៅស្រុកកំណើត។ ទន្ទឹមគ្នានេះ ក្រសួងបានបង្កើតគណៈកម្មការរៀបចំបុណ្យសពពលកររងគ្រោះដោយសារការរញ្ជួយដី និងកំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសថៃ ដើម្បីរៀបចំផ្ដល់សំណងធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗ៕

ដោយ ៖ សិលា


ចែករំលែក៖