ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រីរងរបួសដោយសាររញ្ជួយដីនៅថៃទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀលពីនាយករដ្ឋមន្ដ្រី ព្រមទាំងថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ ៖ ពលការិនី សឿន សំណាង អាយុ៤៤ឆ្នាំ ដែលរងរបួសដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ទទួលបានការឧបត្ថម្ភជាទឹកប្រាក់១០លានរៀលពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត។  ថវិកានេះបានប្រគល់ជូនតាមរយៈលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារក្នុងពេលចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ។

គួរជម្រាបថា អ្នកស្រី សឿន សំណាង បានជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ពលការិនីរូបនេះបានត្រលប់មកស្រុកកំណើតនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។

បច្ចុប្បន្នពលការិនី សឿន សំណាង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដោយថ្លៃព្យាបាលទាំងអស់រហូតដល់ជាសះស្បើយ គឺទទួលបានការឧបត្ថម្ភពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានចូលរួមបច្ច័យ ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

បើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ៕

ដោយ ៖ សិលា


ចែករំលែក៖