ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួនក្មេងទំនើង០២នាក់យកមកអប់រំនិងធ្វើកិច្ចសន្យាពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប

ចែករំលែក៖

   ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បានឃាត់់ខ្លួនក្មេងទំនើង០២នាក់យកមកអប់រំ និងធ្វើកិច្ចសន្យាពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។

   យោងតាមនគរបាលស្រុកស្វាយទាប បានអោយដឹងនាល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០២៥នេះថា ក្មេងបង្ហោះម៉ូតូមានទី១.ឈ្មោះងិន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ (អ្នកបើក) និងទី២.ឈ្មោះ ខុន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុ (អ្នកជិះពីក្រោយ) មានទីលំនៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀង។ 

   ប្រភពបន្តថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៥៨នាទី មានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ បានថតសកម្មភាពក្មេងបង្ហោះម៉ូតូ ០១ក្រុម ស្ថិតនៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជិះម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ ២០២២ ពាក់ស្លាកលេខ ស្វាយរៀង 1U-0594។ 

   ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោក អនុសេនីយ៍ឯក សុិន ពិសី អធិការស្ដីទី បានដឹកនាំកម្លាំងល្បាតចល័តតាមដងផ្លូវ និងធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ ទើបកំណត់បានមុខសញ្ញាក្មេងបង្ហោះម៉ូតូបានចំនួន០២នាក់ ។

    ក្រោយមកសមត្ថកិច្ចយើងក៏បានអញ្ជើញអាណាព្យាបាលក្មេងទំនើងទាំង០២នាក់ខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីអប់រំណែនាំនិងធ្វើកិច្ចសន្យាធានាកូនរបស់ពួកគាត់យកទៅអប់រំបន្តនៅផ្ទះ ចំណែកឯម៉ូតូដែលបង្ហោះខាងលើ សមត្ថកិច្ចរក្សាទុករយ:ពេល០៣ខែនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖