ខេត្តកណ្តាលៈជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា មានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។
ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតឲ្យមានអ្នកនាំពាក្យសាលាដំបូងរាជធានី ខេត្ត និង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដើម្បីងាយស្រួលក្នុងការឆ្លើយតបព័ត៌មានមួយចំនួន ដែលយល់ឃើញថា មិនត្រឹមត្រូវ ។
លោក ឯក សុនរស្មី ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ផងនោះ ថ្លែងថា រូបលោកមានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ប៉ុណ្ណោះ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។
ការថ្លែងរបស់លោក ឯក សុនរស្មី កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បែបនេះ គឺ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន តាមទូរស័ព្ទសាកសួរករណីនគរបាលស្រុកលើកដែក ដោះលែងបុរសម្នាក់ឲ្យមានសេរីភាពឡើងវិញ ដោយពុំបានបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល នោះទេ ។ បុរសរូបនោះ ជាប់ពាក់ព័ន្ធនឹងករណីបើករថយន្តទំនើបស៊េរីឆ្នាំ២០១៦ បុកបុរសជិះកង់ដឹកស្វាយម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ ។
លោក ឯក សុនរស្មី ថ្លែងថា លោកពុំដឹងអ្វីទាំងអស់ករណីនេះ ថា នគរបាលបានដោះលែងឬបញ្ជូនមកតុលាការ ព្រោះគ្មាននរណាឲ្យដំណឹងលោកឡើយ ។
លោក រស្មី បន្ថែមថា លោក លឹម សុគន្ថា ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានបង្កើតគ្រុបព័ត៌មានមួយជាមួយ មន្ត្រីនគរបាលយុត្តិធម៌ ងាយស្រួលក្នុងការឆ្លើយឆ្លងព័ត៌មាន និង សភាពការណ៍ផ្សេងៗ ។
លោក ឯក សុនរស្មី សង្កត់ធ្ងន់ថា ប៉ុន្តែរាល់អ្វីៗទាំងអស់លោកព្រះរាជអាជ្ញា មិនដែលជូនដំណឹងមកអ្នកនាំពាក្យឡើយ ។
មន្ត្រីតុលាការខេត្តកណ្ដាលសុំមិនបញ្ចេញ បញ្ជាក់ឲ្យដឹងថា បុរសម្នាក់ឈ្មោះ តាំង ហេងសេង អាយុ៤៣ឆ្នាំ ដែលពាក់ព័ន្ធករណីបើករថយន្តម៉ាកALPHARD ស៊េរីឆ្នាំ២០១៦បុកបុរសជិះកង់ដឹកស្វាយម្នាក់បណ្តាលឲ្យស្លាប់ នៅចំណុចកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ៥៥-៥៦ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ពុំឃើញបញ្ជូនមកតុលាការនោះទេ ។
មន្ត្រីតុលាការរូបនេះ ថ្លែងរបៀបចំអកថា ប្រហែលជ្រុលបាត់តាមផ្លូវហើយ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដម៉ាក TOYOTA ALPHARD បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្ដម៉ាក សាំងយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 2A-6148 បើកបរដោយឈ្មោះ ជា វ៉ង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្ដទៅបុកកង់មួយគ្រឿងទៀតដែលជិះស្របទិសគ្នា បណ្ដាលឲ្យបុរសជាអ្នកជិះកង់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ៕ ចេស្តា