ខេត្តព្រះសីហនុ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចជាស្ថាពរនូវការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ច- សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្រប- តាមបាវចនានៃគោលដៅជាយុទ្ធសាស្ត្រលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ «សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាចម្បាំង ចំនួន ២គ្រឿងឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការកងទ័ពជើងទឹកកាន់តែល្អប្រសើរឡើង ក្នុងការការពារ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌នៅលើលម្ហសមុទ្រ ហើយកម្ពុជាតែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជាពិតប្រាកដ មិនមែនមានតែភាគីចិននោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កងទ័ពជើងទឹក ទៅថ្ងៃខាងមុខយើងនឹងមាននាវាចម្បាំង ២គ្រឿង ដើម្បីអាចល្បាត ការពាររាប់គីឡូដីពីនេះ ផ្តល់ព័ត៌មាន ខ្ញុំជឿជាក់ថា កងទ័ពជើងទឹក នាយនាវី នាយនាវីរង ពលនាវីទាំងអស់ ប្រាកដជាមានមោទនភាព ក្នុងការបង្កើនទំនើបកម្ម និងសមត្ថភាពកងទ័ពជើងទឹកយើងហើយ ខ្ញុំក៏មានមោទនភាពដែរ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើខ្មែរពិតប្រាកដ ជាអ្នកស្នេហាជាតិពិតប្រាកដ យើងគួរតែរួមគ្នាអបអរសាទរនូវបង្កើតសមត្ថភាពខឿនការពារជាតិ សមត្ថភាពកងទ័ព ការបង្កើនទំនើបកម្មវិស័យការពារជាតិ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី នៅក្នុងរយៈពេលវែង ។
ជាមួយនឹងការការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ឱ្យកាន់ខ្លាំងក្លានោះ, សម្តេច នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនបញ្ឈប់ជាដាច់ខាតការពង្រឹងសមត្ថភាពកងទ័ព ដោយនឹងបន្តពង្រីកឱ្យកាន់តែទំនើបបន្ថែមទៀត ទាំងធនធានមនុស្សក្នុងវិស័យការពារជាតិ សម្ភារៈ បច្ចេកវិទ្យារបស់កងទ័ពជើងទឹកកម្ពុជាបន្ថែមទៀត។ ចំណុចនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕
ដោយ ៖ សិលា