ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ បញ្ជាក់អំពីគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី៤ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខសាលាខណ្ឌដង្កោ ស្ថិតនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

លុះដល់វេលាម៉ោង២៣:៤៣នាទី មានរថយន្តមួយគ្រឿងម៉ាក TOYOTA  PRIUS ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8365 បើកបរដោយឈ្មោះ សុន វិសាល ភេទប្រុស ជិះឆ្លងកាត់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទើបសមត្ថកិច្ចនៅគោលដៅមានការសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ក៏បានឃាត់រថយន្ដឱ្យឈប់ ដើម្បីឱ្យអ្នកបើកបរសហការត្រួតពិនិត្យជាតិស្រវឹង បន្ទាប់ពីធ្វើការផ្លុំរកជាតិស្រវឹងរួច ជាលទ្ធផលរកឃើញមានជាតិអាល់កុល ០,៤៧mg/L សមត្ថកិច្ចចេញវិក័យបត្រផាកពិន័យតាមច្បាប់ចំនួន២លានរៀល។

ប៉ុន្តែអ្នកបើកបរមិនបានបង់ថវិកាផាកពិន័យនោះទេ ដោយបានធ្វើសកម្មភាពស្រែកឡូឡា អុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ច ហើយនិយាយអធិប្បាយចោទប្រកាន់មកលើសមត្ថកិច្ចគ្មានមូលដ្ឋានច្បាស់លាស់ ថាសមត្ថកិច្ចធ្វើស៊ីចំពោះបុរសម្នាក់ជិះម៉ូតូ ០១គ្រឿង នៅអនីតិជនឱ្យចូលផ្លុំរកជាតិអាល់កុលដើម្បីផាកពិន័យ។

ការពិតបុរសនោះឈ្មោះ ជា ឌីម ភេទប្រុស កើតនៅឆ្នាំ២០០០ គឺគាត់មិនមែនជាអនីតិជននោះទេ ខណៈដែលសមត្ថកិច្ចឱ្យគាត់ឈ្មោះ ជា ធីម ផ្លុំរកជាតិអាល់កុលតែផ្លុំមិនត្រឹមត្រូវតាមបច្ចេកទេស ទើបសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការផ្លុំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស បន្ទាប់មកដោយឃើញបុគ្គលឈ្មោះ សុន វិសាល ឡាយវីដេអូ (live) ក៏ឈ្មោះ ជា ឌីម ក៏ឈប់សហការផ្លុំតែម្តង។

ក្រោយមកសមត្ថកិច្ចក៏បាននាំយករថយន្ត និងម៉ូតូ របស់អ្នកទាំង០២នាក់ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយរងចាំពួកគេចូលមកដោះស្រាយ៕

ដោយ ៖ សិលា


ចែករំលែក៖