ព័ត៌មានទាន់ហេតុការណ៍៖

កើតបានកូនផ្សោតថ្មីមួយក្បាល​ទៀតហើយ! បន្តរួមគ្នាការពារសត្វផ្សោត កម្ចាត់ក្រុមប្រើឧបករណ៍ឆក់ និងទប់ស្កាត់ការប្រើឧបករណ៍នេសាទបង្កគ្រោះថ្នាក់ដល់ផ្សោត

ចែករំលែក៖

ខេត្តក្រចេះ ៖ ជាដំណឹងដ៏សែនរីករាយសម្រាប់អ្នកខេត្តក្រចេះនិយាយដោយ​ឡែក និងនិយាយជារួមសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល កូនផ្សោតមួយក្បាល​ទៀត​ហើយ អាយុទើប ៤ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិកាំពី ឃុំ​សំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ 

កូនផ្សោតនេះ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបាននៅវេលាម៉ោង ១៖២៥នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ កូនផ្សោតនេះអាចកើតពីមេផ្សោតដែលមានលេខកូដ១៣៥ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៥ក្បាលផ្សេងទៀត។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹម​ដើមខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៦​ក្បាល ក្នុងនោះ៤ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅ​ខេត្តស្ទឹងត្រែង ធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១០ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលជាសេនា​ធិ​ការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់​របស់​ឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែង និងក្រចេះ ក្នុងបុព្វហេតុអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ​ដើម្បី​គាំទ្រការងាររបស់ឆ្មាំទន្លេ។

ក្រសួងក៏សូមអរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន​ចូល​រួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបើប្រជា​នេ​សាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មាន​ទៅ​សមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ដោយ៖ សូរិយា


ចែករំលែក៖