ក្រុម Paris St Germain នៅតែមិនស្គាល់ចាញ់នៅឡើយ ខណៈដែលពួកគេបានឈ្នះពាន Ligue 1 នៅក្នុងរដូវកាលនេះ បន្ទាប់ពីជ័យជម្នះ 1-0 កាលពីថ្ងៃសៅរ៍លើក្រុម Angers ។
ជ័យជម្នះដែលកើតចេញពីកីឡាករ Desire Doue កាលពីយប់ម៉ិញបានធ្វើឱ្យ PSG ទទួលបាន 74 ពិន្ទុ ខណៈនៅសល់ប្រាំមួយប្រកួតទៀតទើបចប់រដូវកាល។ PSG មាន 24 ពិន្ទុនាំមុខក្រុមលេខ 2 AS Monaco ប៉ុន្តែអាចឈានដល់ត្រឹមតែ 71 ពិន្ទុប៉ុណ្ណោះប្រសិនបើពួកគេឈ្នះការប្រកួតដែលនៅសល់ទាំងអស់។
ពានរង្វាន់ឆ្នាំនេះជាពានលើកទី៤ដែល PSGឈ្នះជាប់ៗគ្នានិងក៏ជាលើកទី 13 ក្នុងប្រវត្តិសាស្ត្រ របស់ពួកគេ ដែលជាកំណត់ត្រាមួយនៅប្រទេសបារាំង ខណៈ ប្រធានក្រុម PSG កីឡាករ Marquinhos ដែលបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ 2013 បានក្លាយជាកីឡាករតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ Ligue 1 ចំនួន 10 ដង។
លោក Luis Enriqueគ្រូបង្វឹករបស់PSG បានប្រាប់អ្នកយកព័ត៌មានថា “ការឈ្នះពានរង្វាន់មួយនៅដើមខែមេសា បង្ហាញថាយើងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរដូវកាលនេះ។ យើងបានសម្រេចគោលដៅនេះ ប៉ុន្តែយើងមានការប្រកួតជាច្រើនទៀតដែលត្រូវលេង។ យើងមានការលើកទឹកចិត្តដើម្បីព្យាយាមបញ្ចប់រដូវកាលនេះដោយឱ្យមិនចាញ់មួយប្រកួតឡើយ។ គ្មាននរណាម្នាក់ធ្លាប់ធ្វើនៅប្រទេសបារាំងពីមុនមកនោះទេ ដូច្នេះហើយជាអ្វីដែលយើងចង់សម្រេចបាន។ វានឹងជួយជំរុញយើងកាន់តែខ្លាំងក្នុងក្របខ័ណ្ឌ Champions League និង Coupe de France។”៕
ដោយ៖ ភារៈ