ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះមហាក្សត្រ ប្រោសប្រទានព្រះរាជសារលិខិត ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ប្រទានជូន ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥)

សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ទូលព្រះបង្គំ ជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមអបអរសាទរ យ៉ាងឳឡារិក រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។

ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយដ៏វិសេសវិសាល ដែលប្រារព្ធ ឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទ គ្រប់និកាយត្រឡប់ទៅបដិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះពុទ្ធ បរមគ្រូនៃយើង និងផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនទូលំទូលាយព្រះពុទ្ធស បំទូលាយព្រះពុទ្ធសាសនា ការស្វែងរកភាពស្ងប់ផ្លូវចិត្តនៃ បុគ្គលម្នាក់ៗ និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិយើងផង និងនៅលើសកលលោក ទាំងមូលផង ។

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ជ័យមង្គលគ្រប់ប្រការ ថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេច ព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមទទួលបាននូវសេចក្តីសុខចម្រើន គ្រប់ប្រការ និងសូមប្រកបតែនឹងព្រះពុទ្ធពរ ទាំងឡាយគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សូរិយា


ចែករំលែក៖