ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ រួចពីនរក

ចែករំលែក៖

ក្រោមកម្ដៅព្រះអាទិត្យចំពីលើ  សមមិត្ត សេង កំពុងតែខិតខំប្រឹងប្រែងធ្វើការងារមិនខ្លាចនឿយហត់ ព្រមជាមួយសំឡេងជញ្ជក់មាត់ខ្លាំងៗ ដេញគោឲ្យខំប្រឹងដើរទៅមុខ ហើយជួនកាលលើករំពាត់វាយគោពីខាងក្រោយនៅក្នុងវាលស្រែមួយដែលដីខ្លះកន្លែងសើម និងដីកន្លែងខ្លះទៀតគោករឹងក្រញង់។ ម៉ោងជិត ១០ ព្រឹកទៅហើយ ពូ សេង នៅមិនទាន់ស្រាយគោចេញពីនឹមនង្គ័លរបស់គាត់នៅឡើយទេព្រោះផាលនង្គ័លនោះភ្ជួរមិនមុតដីសោះ។ ដីស្រែនោះរឹងពេកពូ សេង យកជើងដាក់លើនង្គ័ល ហើយដៃទាំងពីររបស់គាត់ប្រឹងសង្កត់លើកន្ទុយនង្គ័លបន្ថែមទៀត។ ពូសេង បានធ្វើឲ្យបាក់នង្គ័លដែលកំពុងតែភ្ជួរដីហើយភ្លាមៗនោះ មេកងចល័ត មេកងរង និងបក្សពួកពីរនាក់ទៀតបានដើរសំដៅមករក ពូសេង យ៉ាងលឿន។

   មេកងរង បានស្រែកឲ្យពូសេងថាឈប់ភ្លាមសមមិត្ត! សមមិត្តឯងម៉េចបានជាក្បត់នឹងអង្គការ  មានគំនិតបំផ្លាញទ្រព្យសម្បត្តិរបស់អង្គការដូច្នេះ? សមមិត្តឯងជាខ្មាំងឬ? យីអានេះជាពួក សេ.អ៊ី.អា ផងក៏មិនដឹង។ ពូសេងបាននិយាយអង្វរដល់មេកងរងថា  គាត់គ្មានចិត្តក្បត់នឹងអង្គការឡើយ ហើយគាត់គ្រាន់តែចង់ភ្ជួរឲ្យបានមុតដីល្អ ដូច្នោះខំប្រឹងសង្កត់ខ្លាំងទើបបណ្ដាលឱ្យបាក់នង្គ័ល។ មេកងរងស្រែកឲ្យពូសេងថា “ហ៊ានតមាត់ប្រកែកយករួចខ្លួន” និងបានបញ្ជាឲ្យគ្នីគ្នាចាប់ពូសេងយកទៅកសាងចេញ ព្រោះមេកងគិតតាមទ្រឹស្ដីអង្គការថា (ទុកក៏មិនចំណេញ ដកចេញក៏មិនខានដែរ) ។ នៅពេលដែលឮមេកងរងបញ្ជាឲ្យចាប់ពូសេងយកទៅរៀនសូត្រមេកងចល័តបាននិយាយថា ទេកុំទាន់យកទៅកសាងអី ឥឡូវនេះអង្គការកំពុងតែខ្វះខាតកម្លាំងទៅជួយការពារជួរមុខ ដូច្នេះឱ្យសមមិត្តនេះទៅជួយការពារជួរមុខ ដើម្បីទប់ទល់ជាមួយវៀតណាមវិញចំណេញជាង។

   នៅចុងឆ្នាំ ១៩៧៨ ពូសេង ត្រូវអង្គការបញ្ជូនទៅធ្វើជាកងទ័ពជួរមុខប្រយុទ្ធជាមួយនឹងកងទ័ពវៀតណាមនៅតាមព្រំដែន ព្រោះកងទ័ពខ្មែរក្រហមត្រូវកងទ័ពវៀតណាមបាញ់ឲ្យស្លាប់និងរបួសអស់ជាច្រើន។ កងទ័ពវៀតណាមចេះតែសម្រុកចូលមកក្នុងទឹកដីខ្មែរឥតដកថយ ហើយបានធ្វើឲ្យកម្លាំងកងទ័ពខ្មែរក្រហមបាក់ស្បាត និងដកទ័ពរត់ចូលក្នុងព្រៃ និងរត់ទៅតាមព្រំដែនអស់។នៅពេលនោះអង្គការបានដាក់បញ្ជាឲ្យកងទ័ពខ្មែរក្រហមដែលនៅរស់រានមានជីវិតឲ្យរត់ចូលព្រៃភ្នំសម្ងំរក្សាកម្លាំងដើម្បីយកឱកាសវាយបកកងទ័ពវៀតណាមវិញ។ 

   ពូសេង វិលមកពីជួរទ័ពមកវិញបានគេចខ្លួនចូលមកក្នុងភូមិស្រុកដោយមិនបានរត់ចូលទៅក្នុងព្រៃភ្នំដូចកងទ័ពដទៃទៀតទេ។ វត្តមានរបស់កងទ័ពវៀតណាមនៅក្នុងភូមិស្រុក បានធ្វើឲ្យចាស់ៗចាប់ផ្ដើមមានគំនិតផ្សំផ្គុំពូសេងឲ្យរៀបការជាមួយនារីម្នាក់ដែលជាកូនអ្នកនៅក្នុងភូមិជាមួយគ្នា ដើម្បីគេចពីគ្រោះថ្នាក់។ ពូសេងនិងប្រពន្ធមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ។ ពុកម៉ែទាំងសងខាងយល់ថា នៅពេលដែលពូសេងរៀបការរួច ហើយបើអង្គការវិលត្រឡប់ចូលមកវិញ ពូសេងនឹងរួចខ្លួនលែងបានធ្វើជាកងទ័ពទៀត។

   ពិធីរៀបការរបស់ពូសេងបានប្រព្រឹត្តទៅដោយមានមាន់ស្ងោរមួយគូបាយមួយឆ្នាំងតូច និងចាស់ៗ ៦ នាក់តែប៉ុណ្ណោះ។ ក្នុងខែមេសាឆ្នាំ ១៩៧៩ កងទ័ពវៀតណាមបាននាំគ្នាចាកចេញពីភូមិស្រុកទៅចូលរួមអបអរឆ្នាំថ្មីនៅឯទីរួមខេត្តតាកែវ។ ឆ្លៀតពេលនោះកងទ័ពខ្មែរក្រហមបានវិលត្រឡប់ចូលមកក្នុងភូមិដូចដើម។ នៅពេលដែលខ្មែរក្រហមចូលមកវិញ ម្ដងនេះពួកគេបានជជីកសួររកសមមិត្តដែលទើបតែរៀបការកន្លងទៅថ្មីៗនេះ។ ខ្មែរក្រហមបានយកព័ត៌មានពីការរាយការណ៍របស់កងឈ្លបសម្ងាត់ថា មានគូស្នេហ៍ ១០ គូដែលទើបរៀបការ។

   ខ្មែរក្រហមបានចោទថា ប្រជាជនដែលទើបរៀបការនាពេលថ្មីៗនេះ គឺសុទ្ធតែជាខ្មាំងក្បត់អង្គការ ព្រោះការរៀបការនេះស្ថិតនៅក្រោមការរៀបចំរបស់កងទ័ពវៀតណាម។ ដូចនេះពួកគេត្រូវយកខ្មាំងទាំងនេះទៅរៀនសូត្រចេញទាំងអស់ ហើយខ្មែរក្រហមថែមទាំងបញ្ជាឲ្យយកចាស់ៗដែលជាឪពុកម្ដាយខ្មាំងទាំងនេះទៅកសាងដែរ។ (នៅមានត)


ចែករំលែក៖