ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី បង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន មានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ៖ 

ត្រូវបានបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន” សរសេរជាអក្សរកាត់ថា ក.វ.ឦសាន ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដែលមានសមាសភាព ដូចខាងក្រោម ៖

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) ប្រធាន ។ 

ក.វ.ឦសាន មានភារកិច្ច ដូចខាងក្រោម៖

ដឹកនាំ សម្របសម្រួល និងអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ដោយដើរតួនាទីជា “ច្រកចេញចូលតែមួយ” ដែលមាន តួនាទីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តគម្រោងវិនិយោគ, និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ សម្រាប់ទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតក្រោម វិសាលភាពនៃកម្មវិធីពិសេស ពិនិត្យ និងស្នើសុំការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា តាមរយៈ គ.ស.ហ.

រៀបចំឯកសារចាំបាច់នានា និងនីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និងធ្វើកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ

ផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ, និងផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជន ទាំងក្នុង និងក្រៅប្រទេស ។

ដាក់ចេញកម្មវិធីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយផ្តោតលើ ការបំពេញភារកិច្ច, ការសម្របសម្រួល, ការផ្តល់សេវាដល់វិនិយោគិន និងធុរជន, ការរៀបចំគម្រោង, និងការ-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីផ្តល់សេវា និងអនុវត្តការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពរៀបចំ និងអនុវត្តផែនការសកម្មភាព និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីពិសេសរៀបចំកិច្ចប្រជុំក្រុមការងាររៀងរាល់ត្រីមាស ឬកិច្ចប្រជុំណាមួយតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈម, ដាក់ចេញវិធានការកែតម្រូវ, វាស់វែងពីការខិតខំប្រឹងប្រែង, និងវាយតម្លៃប្រសិទ្ធភាព និងលទ្ធផលនៃកម្មវិធី ពិសេសរៀបចំរបាយការណ៍វឌ្ឍនភាព និងការវាយតម្លៃការអនុវត្តកម្មវិធីពិសេស ប្រចាំឆ្នាំ ជូនរាជរដ្ឋាភិបាល តាមរយៈ គ.ស.ហ.អនុវត្តនូវកិច្ចការ ឬបំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់ គ.ស.ហ. ឬតាមការសម្រេចរបស់រាជរដ្ឋា ភិបាល។

ប្រធាន ក.វ.ឦសាន ទទួលខុសត្រូវរួមក្នុងការដឹកនាំក្រុមការងារ និងដឹកនាំកិច្ចប្រជុំ។ ប្រធានអាចចាត់តាំង អនុប្រធាន ឬសមាជិកក្រុមការងារ ដឹកនាំការងារជំនួសក្នុងករណីចាំបាច់ ឬប្រធានអវត្តមាន។ សមាជិក ក.វ.ឦសាន ត្រូវចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន ឬអនុប្រធានណាមួយ ក្នុងករណីដែលប្រធានអវត្តមាន ឬមានករណី ចាំបាច់។

គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនសមាជិកនៃ ក.វ.ឦសាន ដែលជាមន្ត្រីរបស់ ក្រសួង-ស្ថាប័នខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីសម្រេចលើកិច្ចការពាក់ព័ន្ធដល់ ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណនានា ក្នុងការចុះបញ្ជីតគម្រោងវិនិយោគ, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការ-ទិញ ការលក់ ការរួមបញ្ចូលគ្នា និងការលុបគម្រោង, និងការដោះស្រាយវិវាទវិនិយោគ ដែលស្ថិតក្រោមវិសាលភាពនៃ កម្មវិធីពិសេស។

ក.វ.ឦសាន មានធនធានហិរញ្ញវត្ថុក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក.វ.ឦសាន មានសិទ្ធិប្រើប្រាស់ត្រាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បំពេញភារកិច្ច ទាំងតាមទម្រង់ ច្បាប់ដើម និងតាមប្រព័ន្ធអេឡិចត្រូនិក។

ក.វ.ឦសាន មានសិទ្ធិអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬ មានសិទ្ធិសម្រេច ក្នុងនាមជាប្រធានស្ថាប័ន តាមការចាំបាច់ ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេស។

ក.វ.ឦសាន មានសិទ្ធិអញ្ជើញ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងជំនាញការ ដើម្បីផ្តល់ ព័ត៌មាន និងយោបល់នានា សម្រាប់គោលបំណងសិក្សាស្រាវជ្រាវ និងរៀបចំគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃ កម្មវិធីពិសេស។

ក.វ.ឦសាន មានសិទ្ធិជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីរៀបចំ ត្រួតពិនិត្យ និងវាយតម្លៃគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស និងបំពេញភារកិច្ចដទៃទៀត តាមការណែនាំរបស់ប្រធាន ក.វ.ឦសាន។

លេខាធិការដ្ឋាន ក.វ.ឦសាន ដើរតួនាទីសម្របសម្រួលផ្នែករដ្ឋបាលទាំងអស់ និងមានការិយាល័យនៅ រាជធានីភ្នំពេញ និងអាចបង្កើតការិយាល័យតាមបណ្តាខេត្តនៅភូមិភាគឦសាន តាមការចាំបាច់។ លេខាធិការដ្ឋាន ក.វ.ឦសាន មានភារកិច្ចដូចខាងក្រោម៖

ផ្តល់សេវាគាំទ្រ និងបំពេញការងារ សម្រាប់ប្រក្រតីភាពនៃកិច្ចដំណើរការប្រចាំថ្ងៃ របស់ ក.វ.ឦសាន

សម្របសម្រួលកិច្ចទំនាក់ទំនងសាធារណៈ ប្រឹក្សាយោបល់ ផ្សព្វផ្សាយ ទាក់ទាញ និងធ្វើបដិសណ្ឋារកិច្ច ដល់ វិនិយោគិន ធុរជន និងអ្នកផ្សេងទៀតដែលមានការពាក់ព័ន្ធពិនិត្យ ប្រមូលធាតុចូល វិភាគ និងវាយតម្លៃលើគម្រោងវិនិយោគដែលបានស្នើសុំ ដើម្បីទទួលបាននូវការ លើកទឹកចិត្ត និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស ព្រមទាំង លើកយោបល់ជូន ក.ច.ឦសាន ដើម្បីពិនិត្យ និងសម្រេចអនុម័តគម្រោងវិនិយោគទាំងនោះរៀបចំផែនការសកម្មភាពរបស់លេខាធិការដ្ឋាន ក.វ.ឦសាន ដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីពិសេស ប្រកបដោយប្រសិទ្ធភាព ព្រមទាំងរៀបចំរបាយការណ៍វឌ្ឍនភាពការងារបំពេញភារកិច្ចដទៃទៀតតាមការសម្រេចរបស់ប្រធាន ក.វ.ឦសាន។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖