ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា ៖ ផ្ទៃដីប្រមាណ ៧០ហិកតា នៅតំបន់កប់ស្រូវ នឹងត្រូវរៀបចំជាសួនសាធារណៈ សម្រាប់រាជធានីភ្នំពេញ។ សម្តេចលើកឡើងខណៈ
អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមរតកតេជោ ដែលជាស្ពានអាកាសទី៨របស់កម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតមានប្រសាសន៍ដូច្នេះ៖ «នៅរាជធានីភ្នំពេញនេះ ខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមប្រហែលជាង ៧០ហិកតា ដើម្បីធ្វើសួនសាធារណៈ ឱ្យអ្នកភ្នំពេញតែម្តង។ មានគេមក Calculate (គណនា) ថាបង អាហ្នឹង១(ម៉ែត្រ)ការ៉េ គិតមើល ៧០ហិកតា បាន៧០លាន (ដុល្លារ) បងឯងយកអភិវឌ្ឍន៍អីផ្សេង ខ្ញុំថាអត់ទេ អភិវឌ្ឍន៍កន្លែងនេះ យើងទុក៧០ហិកតាយកធ្វើសួនសាធារណៈ ឱ្យអ្នករាជធានីភ្នំពេញ។»។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងបណ្តុះកូនឈើជាច្រើនដើម សម្រាប់ដាំនៅសួនសាធារណៈនេះ ខណៈជំរុញឱ្យបណ្តាខេត្តផ្សេងៗទៀត ប្រជែងគ្នា ក្នុងការរៀបចំសួនសាធារណៈនៅក្នុងក្រុង សម្រាប់ការដើរកម្សាន្តរបស់ពលរដ្ឋផងដែរ។
«ទៅថ្ងៃក្រោយ កណ្តាលក្រុងធំៗ ត្រូវតែមានទីលាន ទីធ្លាទូលំទូលាយសម្រាប់សាធារណៈ ជូនប្រជាពលរដ្ឋរបស់យើង។ ហើយខេត្តខ្លះ ក្រុងខ្លះ បើនៅកណ្តាលក្រុងអត់មាន នៅជិតក្រុងហ្នឹង ខ្ញុំឱ្យយោបល់ ត្រៀមទុកទៅ១០០ -២០០ហិកតា បម្រុងទុកទៅ (ទុករៀប) ជាសួនសាធារណៈសម្រាប់គាត់(ពលរដ្ឋ)ទៅ។ ឥឡូវយើងគិតថាឆ្ងាយសម្រាប់ខេត្តខ្លះ តែតិចទៀតអត់ឆ្ងាយទេ ព្រោះក្រុងនឹងរីក។ អ៊ីចឹងយកដីហ្នុងទុកឱ្យហើយទៅ សម្រាប់ធ្វើទីលានសាធារណៈ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ។»។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ដូច្នេះ មុននឹងជំរុញ បានគាំទ្រឱ្យបណ្តាខេត្តផ្សេងៗទៀត ប្រជែងគ្នា ក្នុងការរៀបចំសួនសាធារណៈនៅក្នុងក្រុង និងខេត្តខ្លួនឱ្យបានល្អ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តយុវជន ឱ្យចងជាក្រុម ដើម្បីសប្បុរសធម៌ និងសកម្មភាពសង្គម មិនមែនចងជាក្រុមដើម្បីធ្វើ «បងធំ» នោះឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដែលជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងមានស្ពានក្រោមទឹក នាពេលខាងមុខ ខណៈបច្ចុប្បន្នសមិទ្ធផលស្ពានអាកាសបានកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រោមស្នាដៃ ស្ថាបនាដោយកូនខ្មែរនោះ ៕
ដោយ ៖ សិលា