ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្សស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមិទ្ធផលស្ពានអាកាសមរតកតេជោ នេះមិនត្រឹមតែជាការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ ដោយបន្ស៊ីគ្នាទៅនឹងការដ្ឋានស្ពានអាកាសសម្ដេចធិបតី ដើម្បីគាំទ្រដល់អាកាសយានដ្ឋានអន្តរជាតិថ្មី និង “ព្រែកជីកហ្វូណន-តេជោ” ពោលគឺ រាជរដ្ឋាភិបាលទាំងក្នុងនីតិកាលកន្លងមក និងរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ សុទ្ធតែបានគិតគូរយ៉ាងម៉ត់ចត់ នូវការរៀបចំប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងតាមផ្លូវទឹក ដោយបានប្រកាន់ខ្ជាប់នូវអភិក្រម “មានផ្លូវ មានសង្ឃឹម” និង “មានពហុមធ្យោបាយដឹកជញ្ជូន មានសក្ដានុពលអនាគតកាន់តែខ្ពស់” ។
ស្ពានអាកាសមរតកតេជោនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់រាជធានីភ្នំពេញ ដែលបានកើតចេញពីអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្ដេចតេជោ ហ៊ុន សែន នោះគឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត” តាមរយៈការប្រើប្រាស់កញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែកដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ដំណាក់កាលទី២ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ គឺជាម្ចាស់គម្រោង និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គឺជាអ្នកអនុវត្ត។
សូមបញ្ជាក់ថា ស្ពានអាកាសមរតកតេជោបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា