ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ បង្សុកូល តាមគន្លងព្រះពុទ្ធសាសនា ដើម្បីអបអរសារទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ ។
នៅក្នុងពិធីដ៏សប្បាយរីករាយ ជាមួយសទ្ធាជ្រះថ្លាជាទីបំផុតនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានខិតខំបំពេញការងារបម្រើស្ថាប័នក្នុងរយៈពេលកន្លងមក។ សម្តេចរដ្ឋសភាធិបតី ក៏បានបួងសួងសូមឱ្យទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនដល់មន្រ្តីរាជការទំាងអស់ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា