ព័ត៌មានទាន់ហេតុការណ៍៖

 ប្រទះឃើញយុវជនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម នៅភូមិត្រពាំងប្លុងទី២ ឃុំត្រពាំងប្លុង ស្រុកពញាក្រែកសង្ស័យឃាតកម្ម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អ្នកភូមិប្រទះឃើញយុវជនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិត្រពាំងប្លុងទី២ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក។ ជាមួយនោះត្រូវបានកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយមន្ត្រីជំនាញចុះធ្វើកោសល្យវិច័យទើបដឹងថា ជាករណីឃាតកម្ម គិតរហូតមកដល់រសៀលថ្ងៃទី៧ខែមេសា នេះសមត្ថកិច្ចនៅមិនទាន់បំបែកសំណុំរឿងចាប់ជនសង្ស័យណាម្នាក់បាននៅឡើយទេ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ករណីឃាតកម្មនេះ ជនរងគ្រោះមានស្នាមរបួសត្រង់ក្បាលផ្នែកខាងឆ្វេងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្លុង មិនទាន់ស្គាល់អត្តសញ្ញាណជនល្មើសទេ តែសង្ស័យមានគ្នាប្រហែល៣ទៅ៤នាក់។ ចំពោះមូលហេតុនៃការស្លាប់នេះគេមិនទាន់ដឹងថាតើបណ្ដាលមកពីអ្វីឱ្យពិតប្រាកដនោះទេ។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ជនរងគ្រោះចំនួន០១នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានស្នាមរបួសក្បាលផ្នែកខាងឆ្វេង ស្លៀកខោខូវប៊យពណ៌ខៀវពាក់អាវសាច់ក្រណាត់ដៃខ្លីផ្កាពណ៌ប្រផេះមានកំពស់១.៧០ម. សម្បុរស្រអែម។

តាមប្រភពដដែលបានបន្តថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦និង៥០នាទីព្រឹក ប៉ុស្ដិ៍រដ្ឋបាលត្រពាំងប្លុងបានទទួលព័ត៌មានពីលោកមេភូមិត្រពាំងប្លុង២ថាមានពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុស១នាក់ ស្លាប់នៅលើផ្លូវលំក្រាលក្រួសក្រហមនៅចំណុចស្ពានអន្លង់ប្លុងស្ថិតនៅភូមិត្រពាំងប្លុង២ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងជំនាញ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងគ្រូពេទ្យផ្នែកកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ។

តាមប្រភពចុងក្រោយឱ្យដឹងថា អ្នករងគ្រោះដែលស្លាប់នោះឈ្មោះរៀម ដាវីត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង ត្រូវបានសាច់ញាតិមកទទួលយកនៅយប់ថ្ងៃទី៦មេសា ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

ករណីអំពើឃាតកម្មនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវដើម្បីវែកមុខក្រុមឃាតកយកមកផ្ដន្ទាទោសតាមច្បាប់ ៕

ដោយ៖សូរិយា


ចែករំលែក៖