ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថា ប្រឆាំងយ៉ាងម៉េចក៏ដោយ គឺវប្បធម៌ប្រឆាំង នៅពេលប្រទេសមានហានិភ័យ ប្រជាជនមានការលំបាក គួរទុកចោលភាពប្រឆាំងនេះ ដើម្បីរួមគ្នាក្នុងទិសដៅតែមួយដើម្បីជាតិ និងប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ឥឡូវមើលប្រទេសផ្សេងៗ ដែលជាប់ពន្ធ ជាឧទាហរណ៍ប្រទេសកាណាដា ពេលដែលអាមេរិកដំឡើងពន្ធ គឺទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច គេស្រុះស្រួលគ្នា អត់មានអ្នកណាប្រឆាំងគ្នានោះទេ គេមានតែឆ្លើយតបអំពាវនាវកុំឱ្យដំឡើងពន្ធ។
សម្តេចធិបតី លើកជាសំណួរថា ចុះហេតុអី តែកម្ពុជា បែរជាអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស វាយប្រហារតែគ្នាឯង ជេរតែរាជរដ្ឋាភិបាលកម្ពុជា បំភិតបំភ័យប្រជាជនខ្លួនឯង។ សម្តេចស្នើឲ្យក្រឡេកមើលទៅប្រទេសជិតខាង គេមានប្រធានបទគេវាយប្រហារ តែពេលប៉ះពាល់ដល់ផលប្រយោជន៍ទៅដល់វិស័យ ទៅដល់ផលប្រយោជន៍ជាតិគែ គឺគេរួមគ្នាធ្វើការ ដើម្បីចរចារ និងសុំការយោគយល់។
Ohសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោក ដើម្បីទាក់ទងភ្ញៀវទេសចរ ដោយមិនបាច់ប្រើវិធីសាស្ត្រជេរតបទៅក្រុមប្រឆាំងដែលវាយប្រហារទម្លាក់កិត្យានុភាពរបស់កម្ពុជានោះទេ។
សម្តេចបវរធិបតី បានថ្លែងដូច្នេះថា៖ «សូមឲ្យប្រជាពលរដ្ឋយើង រួមគ្នាផ្សព្វផ្សាយអ្វីដែលល្អៗ ពីស្រុកខ្មែររបស់យើងឱ្យបានច្រើន ឱ្យគេមកលេងស្រុកយើងឱ្យគេមកទេសរណ៍»។
សម្តេចបានថ្លែងអំណរគុណចំពោះ អ្នកបង្កើតមាតិកាមួយចំនួន ដែលខិតខំផ្សព្វផ្សាយល្អៗពីកម្ពុជា។ សម្តេចបានឧទាហរណ៍ថា នៅពេលឃើញសំរាម សូមកុំផ្សព្វផ្សាយសំរាម សូមផ្សព្វផ្សាយអ្វីដែលមានមនុស្សច្រើន អ្វីសប្បាយរីករាយ។ រឿងអសន្តិសុខ ក៏ដូចគ្នា កុំយករឿងឆក់មួយករណីទៅផ្សាយរាល់ថ្ងៃ សូមផ្សព្វផ្សាយអ្វីដែលយើងខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់។
សម្តេចបានបន្តថា ការគិតវិជ្ជមាន ធ្វើវិជ្ចមាន ផ្សព្វផ្សាយវិជ្ជមាន មិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់រដ្ឋាភិបាលទេ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ កន្លែងណាដែលខ្វះចន្លោះសូមចូលទៅគេហទំព័ររបស់សាលារាជធានីភ្នំពេញ ដើម្បីប្រាប់អំពីរឿងខ្វះចន្លោះនេះ៕
ដោយ ៖ សិលា