ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំបូកសរុបបេសកកម្មនៃគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស SE4HC ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Karin Schelzig នាយិកាផ្នែកអភិវឌ្ឍន៍សង្គមមនុស្ស នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដូចជា ១) មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ២) STEM Framework កម្រិតសាលារៀន និង ៣) Framework សម្រាប់ស្តង់ដាសេវាកម្មអប្បបរមា និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ៤) បានឆ្លុះបញ្ចាំងពីបេសកកម្មសំខាន់ៗ ដើម្បីត្រៀមខ្លួនជាមុនសម្រាប់ការអនុវត្តបន្ត និងសកម្មភាពចាំបាច់ដែលត្រូវពន្លឿន។
មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី នាយិកាផ្នែកអភិវឌ្ឍន៍សង្គមមនុស្ស នៃ ADB បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានផ្តល់កិច្ច សហការប្រកបដោយការយកចិត្តទុកដាក់ និងបានលើកឡើងពីទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤- ២០៣០ ដែលផ្តោតលើការបង្កើតផលជះចំពោះការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសីលធម៌ល្អ គាំទ្រដល់ការអភិវឌ្ឍសង្គមផ្អែក លើចំណេះដឹង (CAMSEB 2030) ដោយរំពឹងថានឹងបង្កើតលទ្ធផល ដូចជា ការធ្វើឱ្យប្រសើរឡើងនូវ ប្រសិទ្ធ ភាព និងការរួមបញ្ចូលយេនឌ័រទៅក្នុងប្រព័ន្ធអប់រំមធ្យមសិក្សាទុតិយភូមិ (USE) តាមរយៈសមិទ្ធផលទី១៖ បានពង្រីក ការទទួលបានការអប់រំប្រកបដោយគុណភាពនៅកម្រិតមធ្យម, សមិទ្ធផលទី២៖ ធ្វើឱ្យប្រសើរឡើងនូវការតម្រឹមការអប់រំមធ្យមសិក្សាជាមួយននឹងជំនាញសតវត្សទី២១, សមិទ្ធផលទី៣៖ ប្រព័ន្ធវាយតម្លៃគុណភាពនៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិមានភាពប្រសើរឡើង, សមិទ្ធផលទី៤៖ គន្លងនៃការអប់រំក្រោយមធ្យមសិក្សាត្រូវបានពង្រឹង, Project Pipeline និងគម្រោងលើកកម្ពស់លទ្ធផលនៃការអប់រំមធ្យមសិក្សាសម្រាប់ការអនុម័តក្នុងឆ្នាំ ២០២៧ និងការប្រើប្រាស់ AI ដើម្បីគាំទ្រការវាយតម្លៃ formative, និងសិក្សាពីផលប៉ះពាល់នៃ Heat Stress លើលទ្ធផលសិក្សា។
ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់អនុវត្តគម្រោង ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការទៅបានដោយរលូនពីមួយជំហាន ទៅមួយជំហាន និងបានរំលេចពីការងារអាទិភាពមួយចំនួនរបស់ក្រសួង ដូចជាការវិនិយោគលើការអប់រំមត្តេយ្យសិក្សា និងបឋមសិក្សាដោយផ្តោតលើការពង្រឹងការបង្រៀនកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង,ការបន្តពង្រឹងការបណ្ដុះបណ្ដាលគ្រូបង្រៀន លើកកម្ពស់ជីវភាព និងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, និងលើកកម្ពស់ការអប់រំឌីជីថលដោយផ្សារភ្ជាប់នឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។
ក្រសួងអប់រំបាននិងកំពុងយកចិត្តទុកដាក់លើការអប់រំស្ទែមនៅកម្រិតសាលារៀន ជាពិសេសនៅកម្រិតមធ្យមសិក្សា តាមរយៈការវិនិយោគលើផ្នែករឹង (ហេដ្ឋារចនា សម្ព័ន្ធ និងសម្ភាររូបវន្ត) និងផ្នែកទន់ (គោលនយោបាយ ការផលិតឯកសារគាំទ្រ និងការអភិវឌ្ឍសមត្ថភាព)។ ការអប់រំស្ទែមបានផ្សារភ្ជាប់ការអប់រំកម្រិតមធ្យមសិក្សាទៅឧត្តមសិក្សា និងទីផ្សារការងារ និងបានបង្កើនឱកាសការងាររបស់យុវជន តាមរយៈការរៀបចំឱ្យសិស្សមានជំនាញមួយមុនបញ្ចប់មធ្យមសិក្សាទុតិយភូមិ, សិស្សចេះដោះស្រាយបញ្ហារបស់សាលារៀន និងគ្រួសារ, ការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃភាពជាដៃគូនៅកម្រិតសាលារៀន, ការជួយបំពេញតម្រូវការទីផ្សារការងារនៅក្នុងមូលដ្ឋាន, សិស្សអាចរកចំណូលបានពីជំនាញបន្ថែម ដែលអាចជួយឱ្យពួកគេបន្តការសិក្សា និងជួយឱ្យសិស្សមានការប្រែប្រួលឥរិយាបទ និងមានទស្សនៈវិស័យវែងឆ្ងាយនៅក្នុងជីវិតការងារ។
តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណជាថ្មីដល់ ADB ដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជា ពិសេសចំពោះការចុះទៅពិនិត្យដោយផ្ទាល់នៅតាមសាលារៀនគោលដៅជាមួយក្រុមការងារក្រោមឱវាទក្រសួង ដើម្បីសិក្សាពីស្ថានភាព និងតម្រូវការជាក់ស្តែង ធានាឱ្យបាននូវប្រសិទ្ធភាពនិងវឌ្ឍនភាពនៃការអនុវត្តគ្រោង ឆ្លើយតបទៅនឹងគោលដៅរួម សំដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនត្រឹមតែជួយរៀបចំសិស្សឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារការងារប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវជំនាញសតវត្សទី២១ ដែលចាំបាច់មិនអាចខ្វះបានសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត៕
ដោយ៖សូរិយា