ខេត្តកណ្តាល ៖ ករណីឃាតកម្មដ៍សាហាវព្រៃផ្សៃមួយបានកើតឡើង ដែលនៅសល់ប្រហែល២ម៉ោងទៀតដល់ ពេលឆ្លងឆ្នាំ ខណៈបុរសជាប្តី បានយកចបកាប់ វាយក្បាលសម្លាប់ប្រពន្ធ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចរត់ គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាទៀបភ្លឺ ។
ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង ៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវលំ ស្ថិតនៅភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលឱ្យដឹងថា សពជនរងគ្រោះជាប្រពន្ធឈ្មោះ គាំ សៀកមួយ ភេទស្រីអាយុ ៣៣ ឆ្នាំ មុខរបរកម្មការិនីមានទីលំនៅ ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ស៊ុន ធី អាយុ ២៩ឆ្នាំ មាន មុខរបរ សន្តិសុខឯកជន កំពុងរត់គេចខ្លួន ដកហូតបាន ចបកាប់ចំនួន០១ ផ្លែដែក ដងឈើ ។
ម្តាយបង្កើត របស់ស្ត្រីរងគ្រោះបានប្រាប់អ្នកកាសែតឱ្យដឹងថា ជនរងគ្រោះ(ត្រូវជាប្រពន្ធ) ចំណែកជនសង្ស័យដែលជាជនដៃដល់(ត្រូវជាប្តី )តែងតែមានការឈ្លោះទាស់ទែងដោយប្រចណ្ឌគ្នាជាប្រចាំ ។
តាមប្រភពដដែលបានបន្តថា នៅយប់ថ្ងៃទី១៣ ខែមេសា ២០២៥ វេលាម៉ោង៧យប់ ជនសង្ស័យនិងជនរងគ្រោះបានឈ្លោះគ្នាប្រកែកគ្នាយ៉ាងខ្លាំង ទៅវិញទៅមក ហើយចង់លែងលះគ្នា ស្របពេលជនសង្ស័យទាមទារយកកូនដើម្បីយកទៅចិញ្ចឹម ។ មួយសន្ទុះក្រោយមកក៏បាត់មាត់ទៅវិញ ក៏បានចូលសម្រាករៀងខ្លួន លុះមកដល់វេលាម៉ោង ២ និង៣០នាទីទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី១៤ ខែមេសា ២០២៥ ជនរងគ្រោះកំពុងតែគេងលង់លក់ ស្រាប់តែជនដៃដល់ជាប្តីបានយកចបកាប់ យកមកវាយក្បាលជនរងគ្រោះបណ្តាលឱ្យផុងលលាដ៏ស្លាប់យ៉ាងរន្ធត់ រួចបានទូរស័ព្ទទៅម្តាយក្មេកដោយប្រាប់ថា «ម៉ែឯងមកយកខ្មោច កូនម៉ែឯងផង» ។
តាមប្រភពដដែលបានបន្តទៀតថា គ្រាន់តែលឺដូចនេះ ក៏ពួកគាត់បានជិះម៉ូតូពីរនាក់ប្តីទៅមើលកូន ពេលបើកទ្វារផ្ទះ ក៏ឃើញជនរងគ្រោះបានដេកនៅលើពូកស្លាប់បាត់ទៅហើយ ទើបប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ គឺស្លាប់ដោយសារជនសង្ស័យ យកចបកាប់វាយចំក្បាលផ្នែកខាងស្តាំ បណ្ដាលឱ្យផុងលលាដ៏ស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នចំពោះករណីឃាតកម្មនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល កំពុងបន្តស្រាវជ្រាវតាមរកឃាត់ខ្លួន ជនដៃដល់ជាប្តី ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែក សពត្រូវបានសមត្ថកិច្ចជំនាញស្រុកខ្សាច់កណ្ដាលបាន ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សូរិយា