ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដល់ភូមិគ្រឹះសម្តេចទំាងទ្វេនៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២៥។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមមហាប្រសើរថ្លៃថ្លានេះ សម្តេចប្រធានរដ្ឋសភា សូមសម្តែងនូវកតញ្ញូនិងកតវេទិតាធម៌ដ៏ជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចចក្រី ដែលបានលះបង់និងធ្វើពលិកម្មគ្រប់បែបយ៉ាងយកអាយុជីវិតជាដើមទុនក្នុងការតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិននិងប្រជាពលរដ្ឋនិងបានចូលរួមស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនគ្រប់វិស័យដូចពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ សម្តេចបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការដឹកនាំ លើកកម្ពស់ស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានរដ្ឋសភាបានលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទំាងបី វត្ថុស័ក្តិសិទ្ធិទំាងអស់ក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយអភិបាលថែរក្សា ការពារប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមមានជន្មាយុយឺនយូរ សុខភាពល្អបរិបូណ៍ កម្លំាងកាយមាំមួន ប្រាជ្ញាវាងវៃ បានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា