ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំភ្លើងហ្វីលីពីនផ្ទុះផ្សែងហុយកម្ពស់៤.០០០ម៉ែត្រ

ចែករំលែក៖

ភ្នំភ្លើង Kanlaon ស្ថិតនៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងនៅព្រឹកមិញនេះ ដោយបានបញ្ចេញផ្សែងហុយមួយដុំក្នុងរយៈកម្ពស់ ៤,០០០ម៉ែត្រទៅលើអាកាស។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានប្រកាសថា “ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅភ្នំភ្លើង Kanlaon នៅម៉ោង 5:51 ព្រឹកថ្ងៃនេះថ្ងៃទី ៨ខែមេសា (ម៉ោង 4:51 នាទីព្រឹក ម៉ោងនៅទីក្រុងភ្នំពេញ)” ។ “ភ្នំភ្លើងនេះបានបញ្ចេញផ្សែងខ្មួលខ្មាញ់ដ៏ធំដែលមានកម្ពស់ប្រហែល 4,000 ម៉ែត្រដោយរសាត់បន្តិចម្តងៗទៅភាគនិរតី”។
លោក John De Asis មន្ត្រីជួយសង្គ្រោះនៅ La Castellana ដែលជាទីប្រជុំជននៅជើងភ្នំភ្លើងក្នុងខេត្ត Negros Occidental ភាគកណ្តាលបាននិយាយថា អាជ្ញាធរត្រូវបានរៀបចំសម្រាប់ទប់ទល់ ក្នុងហេតុការណ៍អាសន្នពេលផ្ទុះភ្នំភ្លើង Kanlaon ។
លោក De Asis បានប្រាប់ AFP ថា “គ្រួសារក្នុងរង្វង់ពី 4-6 គីឡូម៉ែត្រត្រូវបានជម្លៀសចេញចាប់តាំងពីការផ្ទុះខែធ្នូឆ្នាំ 2024 ។ ឥឡូវនេះយើងកំពុងតាមដានភូមិណាដែលរងផលប៉ះពាល់ដោយផេះភ្នំភ្លើង” ។ ការជូនដំណឹងកម្រិត 3 នៅលើមាត្រដ្ឋានប្រាំកម្រិត នៅតែមានតាំងពីចុងឆ្នាំមុន។
យោងតាមលោក De Asis មន្រ្តីកំពុងផ្តល់អនុសាសន៍ថា “សាលារៀននិងការិយាល័យនៅ La Castellana បិទ” ។ នាង Channel Nicor អាយុ 22 ឆ្នាំបាននិយាយថា នាងកំពុងរង់ចាំឡានក្រុងទៅសាលារៀននៅពេលដែល Kanlaon ផ្ទុះ។
នាង Nicor បានរៀបរាប់ថា “វាស្តាប់ទៅដូចជាដុំថ្មយក្សធ្លាក់ពីលើ។ ខ្ញុំក្រឡេកមើលទៅឃើញផ្សែងហុយចេញពីភ្នំភ្លើងកាន់តែធំឡើងៗ” នាង Nicor បានពិពណ៌នា។ “ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តក្នុងការក្រឡេកមើលទិសដៅនៃផ្សែង ប៉ុន្តែខ្ញុំមិនបារម្ភពេកទេ ព្រោះពេលនេះយើងដឹងថាយើងត្រូវធ្វើអ្វី”។
Kanlaon គឺជាភ្នំភ្លើងសកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន 24 នៅក្នុងប្រទេសហ្វីលីពីន។ នៅខែកញ្ញា ឆ្នាំ 2024 មនុស្សរាប់រយនាក់ដែលរស់នៅក្បែរ Kanlaon ត្រូវបានជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើងបានផ្ទុះឧស្ម័នពុលរាប់ពាន់តោនក្នុងរយៈពេលត្រឹមតែមួយថ្ងៃ៕

ដោយ៖ ធីរីណា(រូបថត​៖ vnexpress)


ចែករំលែក៖