ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ បានជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសកម្មភាពមីននៅកម្ពុជា ។
សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធានដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងបង្កបង្កើនផល ។
សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិនិងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រនិងសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។
ជាមួយគ្នានេះសូមថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល និងអំពាវសូមបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ៕
ដោយ៖ តារា